តើ​អ្នក​នឹង​សរសេរ​ពី​អ្វី​នៅ​ក្នុង​កំនត់​ហេតុ​របស់​អ្នក?

នៅ​ពេល​យើង​ឃើញ​អត្ថបទ​ល្អៗ​ជា​ច្រើន​មិន​ថា​ក្នុង WordPress ឬ​ Blogger ឬ​ក៏​ប្រព័ន្ធ​ណា​ផ្សេង​ទៀត​ទេ យើង​ចេះ​តែ​ឆ្ងល់​ថា​ ធ្វើ​ម៉េច​សរសេរ​បាន​ល្អ​ដូច​គេ? ធ្វើ​ម៉េច​ក៏​គេ​សំបូរ​គំនិត​អ្វី​ម្ល៉េះ? ឃ្លា​ប្រយោគ​ក៏​ស្អាត រូបភាព​ក៏​ទាក់​ទាញ អ្នក​ណា​ក៏​ចង់​ធ្វើ​ឱយ​បាន​ដូច​ដែរ។

យ៉ាង​ណា​មិញ យើង​ក៏​មាន​សមត្ថភាព​ដែរ ដូច​ជា​ខ្ញុំ​ដែល​មាន​សមត្ថភាព​អាន​កំនត់​ហេតុ​គេ​មិន​ចេះ​ហត់ មាន​សមត្ថភាព​ចាប់​រក​កំហុស​គេ មាន​សមត្ថភាព​សួរ​សំនួរ​មួយ​សែន​បញ្ហា ទាស់​តែ​ត្រង់​ថា ខ្ញុំ​មិន​ទាន់​ចេះ​រៀប​រៀង​​ឱយ​បាន​ក្បោះ​ក្បាយ​ជា​ភាសា​មនុស្ស​ស្ដាប់​បាន។ បើ​អ្នក​សាក​ល្បង​គិត​ឡើង​វិញ​ថា​អ្នក​ពូកែ​អ្វី​ខ្លះ​អ្នក​នឹង​ដឹង​ថា​អ្នក​ក៏​មិន​មែន​ជាមនុស្ស​ឥត​ប្រយោជន៍​នោះ​ទេ។ កំនត់​ហេតុ​​អាច​ត្រូវ​បាន​បង្កើត​ឡើង​សំរាប់​កត់​ត្រា​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក អាច​កត់​ត្រា​ពី​អារម្មណ៍​របស់​អ្នក កត់​ពី​អ្វី​ដែល​អ្នក​យល់​ថា​ចំនេះ​អ្នក​បាន​កើន​ឡើង​ក្នុង​ថ្ងៃ​នេះ។ អ្នក​នឹង​រីក​រាយ​នៅ​ពេល​មាន​សំនៅ​កំនត់​ហេតុ​ផ្ទាល់​ខ្លួន​នៅ​ថ្ងៃ​មុខ​ទោះ​ជា​មាន​តែ​អ្នក​អាន​តែ​ម្នាក់​គត់​ក៏​ដោយ។ កំនត់​ហេតុ​ផ្សេង​ទៀត​បង្កើត​ឡើង​សំដៅ​បង្កើត​ជាតិ​ប្រៃ​របស់​ទឹក​មាត់​តាម​រយៈ​សំនេរ​របស់​ខ្លួន ព្រោះ​សំដី​ដែល​និយាយ​ហួស​ទៅ​មិន​មាន​ឯកសារ​កត់​ទុក​ក៏​ដូច​ជា​ នោម ជុះ​ទៅ​ក្នុង​ទន្លេ​ចោល​បាត់​ដោយ​មិន​បាន​ទុក​ធ្វើ​ជី​ដូច្នោះ​ឯង។

កំនត់​ហេតុ​ផ្សេង​ទៀត​ សំដៅ​ទាក់​ទាញ​អ្នក​អាន​ឱយ​បាន​ច្រើន​តាម​ការ​រៀបរាប់​ពី​ហេតុ​ការណ៍​ផ្សេងៗ​ទៅ​តាម​ជំនាញ​របស់​គេ។ អ្នក​រកស៊ី​សរសេរ​អំពី​គុណ​សម្បត្តិ​ផលិតផល​របស់​គេ អ្នក​សិក្សា​សរសេរ​អំពី​ការ​រីក​ចំរើន​នៃ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ អ្នក​នយោបាយ​ព្យាយាម​ប្រមែ​ប្រមូល​អ្នក​គាំ​ទ្រ​ខ្លួន​ឱយ​កាន់​តែ​ច្រើន។​ ទាំង​នេះ​ជា​​ប្រយោជន៍​របស់ Internet  ព្រោះ​ពត៌មាន​អាច​សាយ​ភាយ​បាន​ទៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​ដែល​មាន​ប្រព័ន្ធ​ទំនាក់​ទំនង ហើយ​មិន​ចាំ​បាច់​ចំនាយ​ច្រើន​លើ​ការ​បោះពុម្ព​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម ឬ​ក្រដាស​សារពត៌មាន​រាប់​រយ​ផ្ទាំង។

បើ​អ្នក​មាន​ចំនាប់​អារម្មណ៍(​ និង ពេល​វេលា​ផង​ដែរ) អ្នក​អាច​ចាប់​ផ្ដើម​សរសេរ​អំពី​សកម្មភាព​ខ្លួន​អ្នក​ផ្ទាល់។ បន្ទាប់​មក​អ្នក​នឹង​ដឹង​ថា​អ្នក​មាន​ជំនាញ​ខាង​ណា​មួយ​ពិត​ប្រាកដ ដែល​អាច​ទាក់​ទាញ​អ្នក​អាន​ត្រលប់​មក​ទំព័រ​អ្នក​ជានិច្ច។ ប្រការ​គួរ​ជៀស​វាង​ហើយ​ដែល​អ្នក​ផង​កំរ​ដាក់​ខ្លួន​ចូល​ពិភាក្សា​ផង​នោះ គឺ ប្រធានបទ​ណា​ដែល​ទាក់​ទង​ទៅ​នឹង​នយោបាយ សិច ការ​ប្រកាន់​ពូជសាសន៍ និង ការ​ប្រកាន់​ជំនឿសាសនា។ បើ​អ្នក​យល់​ថា​អ្នក​មាន​ចំនេះ​ដឹង​គ្រប់​គ្រាន់​សំរាប់​ផ្សព្វផ្សាយ និង ឆ្លើយ​តប​ វិចារ​របស់​អ្នក​អាន (ប្រាកដ​ជា​មាន​ទាំង​អ្នក​គាំ​ទ្រ ទាំង​អ្នក​ប្រឆាំង) អ្នក​អាច​សាក​ល្បង​បាន។

កំនត់​ហេតុ​របស់​អ្នក​មិន​ចាំ​បាច់​​ជាសំនេរ​អត្ថបទ​នោះ​ទេ។ កំនត់​ហេតុ​ខ្លះ​បង្ហាញ​រូបភាព​​(photoblog) ខ្លះ​ទៀត​មាន​តែ​សំលេង (podcast) ខ្លះ​ទៀត​មាន​ជា​ឈុត​វីដេអូ​ខ្លីៗ (videoblog) តាម​ការ​ច្នៃ​ប្រឌិត​និង​ភាព​ប៉ិនប្រសប់​របស់​ម្ចាស់​ទំព័រ។ អ្វី​ដែល​ខ្ញុំ​និង​អ្នក​អាន​ឯ​ទៀត​ចង់​បាន​នោះ គឺ​ខ្លឹមសារ​ដែល​មិន​ទាន់​មាន​គ្រប់​គ្រាន់​នៅ​ឡើយ​សំរាប់​ការ​ស្រាវជ្រាវ​ ជាពិសេស​ជា​ភាសា​ខ្មែរ។

ជូន​ពរ​សំនាង​ល្អ (ហើយ​កុំ​ភ្លេច​ណា ខំ​រៀន​ផង!)។

បានចុះផ្សាយក្នុង កំនត់​ហេតុ. 6 Comments »

6 ចំលើយ to “តើ​អ្នក​នឹង​សរសេរ​ពី​អ្វី​នៅ​ក្នុង​កំនត់​ហេតុ​របស់​អ្នក?”

  1. សាត Says:

    នារីប្រភេទណា ជាទីស្រលាញ់ របស់បុរស?
    សូមអាន ៖
    http://mitleap.com/forum/topics/2262081:Topic:16976

  2. រដ្ឋា Says:

    ម្ចាស់ប្លក់ពិតជារៀបចំអត្ថបទបានល្អមែន។

  3. ទឹម បឿន Says:

    នេះ​ជា​ការណែនាំ​ល្អ ។ អរគុណ​វីរៈ!

  4. វីរៈ Says:

    ខ្ញុំ​សាក​ល្បង​សរសេរ​ឱយ​បាន​ល​ហ៍​មើល​ ព្រោះ​កាល​ពី​វិទ្យាល័យ​ខ្ញុំ​មិន​ដែល​ប្រលង​តែង​សេចក្ដី​បាន​លើ​មធ្យម​ទេ។ ខ្ញុំ​នឹង​ព្យាយាម​សរសេរ​ថែម​ទៀត។ បាន​តែ​សំនេរ​នេះ​ឯង​ខ្ញុំ​អាច​ធ្វើ​បាន ព្រោះ​កម្មវិធី​តុបតែង​ល្អៗ​ក៏​ខ្ញុំ​មិន​ចេះ កាមេរ៉ា​ថតរូប​ ថត​វីដេអូ​ក៏​មិន​ទាន់​ស្គាល់​រសជាតិ​នឹង​គេ។

  5. ទឹម បឿន Says:

    យី! កម្សត់​ម៉េះ? ខ្ញុំ​ក៏​អត់ដែល​ស្គាល់​ជាតិ​ដូច​តែ​គ្នា​ហ្នឹង 😉

  6. Chey Meak Says:

    សំនេរ ប្រធានបទ មនុស្សយើងត្រូវមានកត្វកិច្ចចូលរួមអភិវឌ្ឍសង្គម


បញ្ចេញមតិ