ល្បុកតោ​មួយ​ទៀត​ក្នុង​រឿង ហនុមាន

ហនុមាន

ហនុមាន

រឿង «ហនុមាន» (Ong Bak 2) សំដែង​ដោយ​ Tony Jaa នឹង​ចាប់​បញ្ចាំង​នៅ​ថ្ងៃ​សៅរ៍​ទី ២១ កុម្ភៈ ២០០៩ នេះ​ហើយ។ តាម​រយៈ​ពីរ​រឿង​មុន (Ong Bak និង The protector)​ យើង​ឃើញ​ថា​តួនេះ​​ពូកែ​សំដែង​សមត្ថភាព​ក្នុង​សិល្បៈ​ការពារ​ខ្លួន​បាន​ល្អ​ណាស់ ថែម​ទាំង​លើក​មុខ​មាត់​ឱយ​ប្រទេស​ថៃ ឱយ​បរទេស​យល់​ថា Muay Thai ពិត​ជា​មិន​ធម្មតា។ យើង​ជា​ខ្មែរ​បាន​ត្រឹម​តែ​ឈរ​មើល ហើយ​សរសើរ​ថា​គេ​ពូកែ​សំដែង ទោះ​បី​ជាយើង​ជា​ម្ចាស់​ដើម​នៃ​ក្បាច់​គុន​នោះ​ក៏​ដោយ។

នៅ​ពេល​យើង​ឃើញ​គេ​សំដែង​បាន​ល្អ ខ្ញុំ​ក៏​អត់​ទ្រាំ​មិន​សរសើរ​មិន​បាន​ដែរ។ តែ​នៅ​ពេល​ដែល​នឹក​ឃើញ​ដល់​​ស្នា​ដៃ​ថៃ​មើល​ងាយ​ខ្មែរ លួច​បន្លំ​ខ្មែរ ខ្ញុំ​ចង់​តែ​បំផ្លាញ​ឱយ​ខ្ទេច​កុំ​ឱយ​មាន​ថៃ​នៅ​លើ​ផែ​ន​ដី​ទៀត។ កាល​ពី​គេ​ផ្សាយ​ពាណិជ្ជកម្ម​រឿង​ដំបូង​របស់​គេ​យើង​ឃើញ​គេ​និយាយ​ភាសា​ខ្មែរ​បាន​ប៉ៃ​ឡាំ (ពាក្យ​នេះ​មក​ពី​ណាដែរ?) ថា​ផ្សព្វផ្សាយ​ក្បាច់​គុណ​ល្បុក​តោ​ខ្មែរ​យើង​ពី​ផ្នែក​ខ្មែរ​សុរិន្ទ។ លុះ​ដល់​បាន​ល្បី​ល្បាញ គ្មាន​ឮ​នរណា​និយាយ​អ្វី​ពី​ខ្មែរ​បន្តិច​ឡើយ មាន​តែ​គេ​សរសើរ Muay Thai។ អ្នក​តាម​ដាន​រឿង​វាយ​តប់​ដូច​ខ្ញុំ​វិញ ខំ​មើល​ហើយ មើល​ទៀត មិន​តិច​ជាង​ ដប់​ដង​ទេ ទាល់​តែ​ដឹង​សាច់​រឿង​ទាំង​អស់ ដឹង​ចលនា​គេ​ផ្លាស់​ទី​ដូច​ម្ដេច ទើប​ដឹង​ថា​រឿង​​ល្អ​មើល​ក៏​មិន​អាច​ល្អ​មើល​បាន​ស្ថិត​ស្ថេរ​ដែរ​។​ សរុប​មក ក្នុង​ពីរ​រឿង​នេះ អាច​ឱយ​យើង​មើល​បាន​ច្បាស់​ពី​កាយ​វិការ​ប្រយុទ្ធ​របស់​តួអង្គ​នេះ​បាន​គ្រប់​គ្រាន់​ហើយ។

ដំនើរ​រឿង​ទើប​ជា​ខ្លឹម​សារ​សំខាន់​ធ្វើ​ឱយ​អ្នក​អាន​ជក់​ចិត្ត។ រឿង Ong Bak និយាយ​ពី​ការ​បំផ្លាញ​បេតិកភណ្ឌ​ជាតិ​របស់​ឈ្មួញ​ទុច្ចរិត។ រឿង The protector បង្ហាញ​ពី​ការជួញ​​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​ថែម​ទៀត។ សកម្ម​ភាព​​ប្រយុទ្ធ​និង​ដំនើរ​រឿង​ពិត​ជា​ធ្វើ​ឱយ​អ្នក​ទស្សនា​ជក់​ចិត្ត​មែន ឯ​គំនិត​បង្កប់​ទៀត​សោត​ (សំរាប់​រូប​ខ្ញុំ​ផ្ទាល់) ក៏​បាន​បង្ហាញ​ដោយ​ប្រយោល​អំពី​ចិត្ត​គំនិត​របស់​ប្រទេស​ថៃ​មក​លើ​កម្ពុជា​ផង​ដែរ។ យើង​អាច​ប្រដូច​រឿង​នេះ​ទៅ​នឹង​រឿង​រាមកេរ្តិ៍​ខ្មែរ រឿង​ធនញ្ជ័យ រឿង​មាយើង ដែល​បន្ទាប​សមត្ថភាព​អ្នក​ទន់​ខ្សោយ ហើយ​បញ្ជោរ​​អ្នក​មាន​អំនាច​ដែល​ល្ងង់​ខ្លៅ​ថា​មាន​បញ្ញា​ញាណ ទុក​ឱយ​អ្នកចេះ​វិភាគ​ដឹង​រាក់​ជ្រៅ​​ជំនាន់​ក្រោយ​សិក្សា​រក​ឃើញ​ពី​គំនិត​បង្កប់​ក្នុង​អក្សរសិល្ប៍ ក៏​​ដូច​ជា​សិល្បៈ​ភាព​យន្ត​ដូច្នោះ​ដែរ។

ខ្ញុំ​មិន​ហ៊ាន​ចង​កំហឹង​នឹង​ការ​សំដែង​ក្នុង​ភាព​យន្ត​​ទេ ព្រោះ​យើង​ធ្វើ​មិន​បាន​ដូច​គេ។ Tony Jaa ធ្លាប់​ចូល​ហ្វឹក​ហាត់​ក្នុង​សាលា​កាយ​សំព័ន្ធ ចេះ​​ចលនា​ហក់​លោត​ផ្សេងៗ​ដែល​មនុស្ស​ធម្មតា​មិន​អាច​ធ្វើ​បាន គេ​ចេះ​អៃ​គីដូ​​សំរាប់​ចាប់​ក្រៀក​គូ​ប្រយុទ្ធ​ធំ​ៗ​ជាង​ខ្លួន​ឱយ​ចុះ​ញ៉ម គេ​ចេះ Capoeira ហក់​លោត​ដូច​ស្វា​ក្នុង​របាំ​ប្រេស៊ីល ចេះ​ទាំង​ក្បាច់​ល្បុក​តោ​ពី​គ្រូ​ចាស់ៗ​នៅ​សុរិន្ទ គួប​ផ្សំ​មនុស្ស​មាន​រាង​រៅ​រួស​ល្អ​ទៀត​ការ​សំដែង​មាន​លក្ខណៈ​ដូច​ការ​ពិត។ «ក្របី​លាក់​កូន» ជា​រឿងដែល​ខ្ញុំ​ចង់​សាក​ល្បង​មើល​ថា​អ្នក​ដឹក​នាំ​រឿង​យើង​មាន​សមត្ថភាព​ល្អ​ប៉ុណ្ណា។ ផ្ទុយ​ទៅ​វិញ​គេ​បែ​ជា​ជ្រើស​រើស​យក​លោក អេ ភូថង​ អ្នក​ប្រដាល់​អាជីព​មក​សំដែង​រឿង​ទៅ​វិញ តាម​យោបល់​ខ្ញុំ​អ្នក​ប្រដាល់​អាជីព​ប្រយុទ្ធ​ខុស​ពី​អ្នក​សំដែង​ (stunt) គឺ​គេ​លៃ​យ៉ាង​ណា​ចំ​គោល​ដៃ​ពេញ​កំលាំង ដល់​ពេល​ត្រូវ​មក​សំដែង​សកម្មភាព​ទ្រឹងៗ​មើល​មិន​យល់។ ក្បាច់​ប្រយុទ្ធ​នី​មួយៗ​ក៏​កាន់​តែ​ធ្វើ​ឱយ​ខ្ញុំ​ព្រឺ​​រោម​អៀន​ខ្មាស​ជំនួស​​ព្រោះ​សុទ្ធ​តែ​ជា​ក្បាច់​ដែល​គេ​បង្ហាញ​រួច​មក​ហើយ។

បើ​យើង​ចង់​បង្ហាញ​ពិភព​លោក​ថា​យើង​ក៏​មាន​ដែរ​ យើង​ត្រូវ​តែ​ចេះ​ច្បាស់​ជាង​គេ ខ្លាំង​ជាង​គេ ទើប​គេ​ជឿ។ តែ​យើង​គ្មាន​មូលហេតុ​អ្វី​ដែល​ត្រូវ​ទៅ​បង្ហាញ​ពិភព​លោក​ទេ ព្រោះ​ប្រជា​ជន​ក្នុង​ស្រុក​មិន​ទាន់​បាន​ជ្រួត​ជ្រាប​អស់​ផង អ្នក​ហាត់​រៀន​ក៏​តិច​តួច​ណាស់ មិន​ដើម្បី​សុខភាព ក៏​ដើម្បី​អួត​គេ​ថា​ឯង​ចេះ​ល្បុក​តោ​ដែរ ឯ​ទស្សនវិជ្ជា (philosophy) នៃ​ក្បាច់​គុន​នេះ​ យើង​មិន​ដឹង​ថា​ត្រូវ​ទៅ​រក​ឯកសារ​ជា​អក្សរ​នៅ​ទី​ណា​បាន​ទេ។ មក​ទល់​សព្វថ្ងៃ​នេះ​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​មាន​សាលា​បង្ហាត់​ល្បុក​តោ ខ្ញុំ​ចង់​ទៅ​សាក​មើល​នឹង​គេ​ដែរ បើ​មាន​អ្នក​ណា​ដឹង​ថា​នៅ​ទី​ណា​ សូម​ជួយ​ប្រាប់​ខ្ញុំ​ផង។ បើ​អាច​ធ្វើ​ទៅ​បាន ខ្ញុំ​ចង់​ហាត់ទាំង​ការ​ប្រយុទ្ធ ទាំង​ផ្លូវ​ចិត្ត និង​កត់​ត្រា​ទុក​ជា​ឯកសារ​ផង ព្រោះ​គ្រូៗ​សល់​ពី​ជំនាន់​ប៉ុលពត​កាន់​តែ​ខ្សោះ​អស់​ទៅ​ហើយ។ ទៅ​មុខ​យ៉ាង​យូរ ៥០​ឆ្នាំ​ទៀត យើង​នឹង​អស់​គ្រូ​ចាស់​ហើយ ទោះ​បី​ជា​គាត់​មិន​លាក់​ចំនេះ ​ក៏​ការ​បង្រៀន​តៗ​គ្នា​ផ្ទាល់​មាត់​ក៏​មិន​អាច​ផ្ទេរ​ចំនេះ​ដឹង​បាន​ទាំង​ស្រុង​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ដែរ។

Advertisements
បានចុះផ្សាយក្នុង កីឡា, កំសាន្ត. 4 Comments »

4 ចំលើយ to “ល្បុកតោ​មួយ​ទៀត​ក្នុង​រឿង ហនុមាន”

  1. ម៉ី សាម៉ន Says:

    សួស្ដី កាកអំពៅ!តើអ្នកបានស្គាល់ទីតាំងហាត់រៀនល្បុកតោហើយរឺនៅ?
    ខ្ញុំស្គាល់កន្លែងមួយដែរនៅម្ដុំផ្សារអូរឫស្សី ហើយខ្ញុំទើបតែចាប់ផ្ដើមរៀនទេ​។សូមអរគុណ!

    • កាក​អំពៅ Says:

      ជួយ​ប្រាប់​ផង តើ​នៅ​ទី​ណា​ដែរ? ម៉ោង​អាច​ហាត់​បាន? តំលៃ? អំពី គ្រូ? អំពី សិស្ស? ឬ ក៏​​ចំនេះ​ដឹង​ផ្សេងៗ​ដែលម៉ន​ចេះ​ពី​ការ​ហាត់​រៀន​នោះ។
      តែ​ខ្ញុំ​មិន​អាច​ទៅ​ហាត់​បាន​ទេ ជាប់​រវល់​ទាត់​បាល់​រាល់​ល្ងាចតែ​ម្ដង​ហើយ។

  2. ខោ រហែក Says:

    ល្បុកតោគឺជាសិល្បការពារខ្លួនរបស់ដូនតាខ្មែរយើង! ទាស់ត្រង់សៀម វាលួចពីខ្មែរហើយ វាថែមទាំងបំភ្លើសថាខ្មែរចំលងពីវាទៅវិញ។ កូនខ្មែរគួ
    តែខិតខំរក្សាមរតកវប្បធម៍របស់ដូនតាឲ្យបានគង់វង្ស។

  3. Chan Pheara Says:

    សួស្តីបងៗទាំងអស់គ្នា! ខ្ញុំមានចំណាប់អារម្មណ៍ចង់រៀនល្បុកតោដែរ តើខ្ញុំត្រូវទៅរៀននៅណាដែរ? ខ្ញុំអត់ស្គាល់ទីតាំងទេ! បើបងៗដឹងជួយប្រាប់ខ្ញុំផង! នេះលេខខ្ញុំ ០៨៦​៦៣១៣៩៥! សូមអរគុណ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: