សាសនា​មួយ​ណា​ដែល​ប្រសើរ​ជាង​គេ​សំរាប់​អ្នក?

បើអ្នក​មិន​ទាន់​បាន​សំរេច​ចិត្ត​ទេ​ថា​មួយ​ណា​ល្អ​ទេ អ្នក​គួរ​សំរេច​ចិត្ត​ចាប់​ពី​ឥលូវ​នេះ​ទៅ។ ​បើ​សិន​ជា​អ្នក​អាច​ឆ្លើយ​បាន​ថា​សាសនា​ណា​មួយ​ល្អ​សំរាប់​អ្នក​ អ្នក​កំពុង​យល់​ច្បាស់​ពី​ខ្លួន​អ្នក​ហើយ។ បើ​អ្នក​មិន​អាច​សំរេច​ចិត្ត​បាន​ប្រហែល​ជា​អ្នក​មិន​ទាន់​យល់​ច្បាស់​ពី​សាសនា ឬ ក៏​អ្នក​​កំពុង​ឃ្លាត​ឆ្ងាយ​ពី​សាសនា​ហើយ។
នៅ​កម្ពុជា សាសនា​មិន​មានឥទ្ធិពល​សំខាន់​ណាស់​ណា​ទេ ព្រោះ​ពុទ្ធ​សាសនា​មិន​បាន​បង្គាប់​មនុស្ស​ឱយ​ប្រតិបត្តិ​ខាន​មិន​បាន​នោះ​ទេ។ យើង​អាច​ចាំ​បាន​ខ្លះៗ សំរាប់​អ្នក​សិក្សា​កម្មវិធី​អប់រំ​ចាស់ សំរាប់​​ថ្នាក់​ទី ១១ ​មុខ​វិជ្ជា​ទស្សនវិជ្ជា​ ដែល​បាន​តំរូវ​ឱយ​យើង​រៀន​អំពី​ប្រវត្តិ​ និង ទ្រឹស្ដី​អ្នក​ប្រាជ្ញ​ល្បី រួម​ទាំង​មេ​ដឹក​នាំ​សាសនា​នានា​លើ​លោក​ផង​ដែរ។ ពួក​គេ​បង្កើត​ទស្សនៈ​ប្លែកៗ​សំរាប់​ជា​ពន្លឺ​ក្នុង​ការ​ស្វែង​រក​ការ​ពិត​នៃ​ចំនេះ​ដឹង​លើ​លោក រហូត​មក​ទល់​ពេល​នេះ​យើង​មាន​កុំព្យូទ័រ​ប្រើ​ប្រាស់ ឬ រស់​ដោយ​បេះ​ដូង​សិប្បនិមិត្ត ក៏​ដោយ​សារ​ការ​ស្រមើ​ស្រមៃ​របស់​ពួក​គេ​ដែរ។ អ្នក​មាន​ឥទ្ធិពល​​ដែល​អាច​ដឹក​នាំ​ផ្លូវ​ចិត្ត​មនុស្ស​ឱយ​គេ​ដើរ​តាម ទោះ​ជា​មិន​បាន​ធ្វើ​ជា​មេដឹក​នាំ​ប្រទេស​ក៏​ដោយ ក៏​សាវ័ក (?) ទាំង​អស់​តែង​តាំង​​ជា​គ្រូ​បង្រៀន​សាសនា​កំពូល​រហូត​មនុស្ស​ជំនាន់​ក្រោយ​គោរព​ច្រើន​សតវត្ស​ផង​ដែរ។
មនុស្ស​ភាគ​ច្រើន (ប៉ុន្មាន​ភាគ​រយ) មិន​ព្រម​ជឿ​​ការ​ពិត​ទេ ទាល់​តែ​គេ​កុហក​ថា​មាន​ស្ថាន​សួគ៌ នរក​ទើប​នាំ​គ្នា​ខ្លាច ជួន​កាល​យើង​ធ្វើ​បុណ្យ​នឹង​អ្នក​ធ្វើ​បាប​ទាំង​ងងឹត​ងងល់ ជួន​កាល​បូជា​គ្រឿង​សក្ការៈ ជីវិត​សត្វ​ រឺ​​ជីវិត​ខ្លួន​ផង ដើម្បី​បំពេញ​ចិត្ត​​ព្រះ ទាំង​មិន​ដឹង​ថា​ព្រះ​ជា​អ្វី​ផង​នោះ។ សរុប​មក​សាសនា​គ្រាន់​តែ​ជា​ជំនួយ​ដើម្បី​ឱយ​មាន​សេចក្ដី​សុខ​ផ្លូវ​ចិត្ត​តែ​ប៉ុណ្ណោះ តែ​ដោយ​សារ​យើង​ខ្វះ​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង ទើប​ទទួល​យក​សាសនា​ជា​អ្នក​ដាស់​តឿន​ឱយ​ដើរ​ផ្លូវ​ល្អ។ ផ្ទុយ​ទៅ​វិញ គ្មាន​មនុស្ស​ពីរ​នាក់​ណា​ដូច​គ្នា​បេះ​បិទ​ទេ​នៅ​លើ​លោក​នេះ មាន​ស មាន​ខ្មៅ មាន​ខ្ពស់​ មាន​ទាប ហើយ​មាន​​ល្អផង និង​មាន​អាក្រក់​ផង​ដែល​តែង​តែ​ឆ្លៀត​យក​ចំនេញ​​មក​លើ​អ្នក​គោរព​សាសនា​តាម​បែប​ងងឹត​ងងល់។ ងងឹត​ងងល់​យ៉ាងណា? គឺ​ចេះ​តែ​ថា​តាម​គេ ធម៌​ចេះ​តែ​សូត្រ ព្រះ​ចេះ​តែ​បន់ ស្រា​ចេះ​តែ​ផឹក ឯ​ត្រង់​ចំងល់​​ត្រង់​ថា​សាសនា​កើត​មក​ពី​ណា គេ​បង្កើត​សាសនា​ដើម្បី​អ្វី ចំនុច​ខ្លាំង​និង​ចំនុច​ខ្សោយ​​របស់​សាសនា​នីមួយៗ​មាន​អ្វី​ខ្លះ អ្នក​នោះ​មិន​ព្រម​យក​ពេល​​មួយ​ដង្ហើម​ចង្រិត​មក​គិត មក​ស្ដាប់​ ឬ​សិក្សា​អ្វី​ឡើយ។ នេះ​ជា​កំហុស​យើង​ដែល​ជឿ​តាម​គេ តួ​យ៉ាង​ម៉ែ​ឪ​ក៏​ចង់​​បាន​បង្កើត​ទ្រឹស្ដី​សាសនា​មួយ​ចំនួន​ដែរ ដូច​ជា​ស៊ី​កន្ទុយ​ត្រី​ចេះ​ហែល​ទឹក កុំ​ស៊ី​ត្រី​របៀប​ត្រលប់​ផែន​ដី ឬ​ក៏​នោម​ដាក់​ផ្លូវ​ផ្សែង​ដេញ​តាម។ លុះ​ដល់​ពេល​យើង​យល់​ការ​រាក់​ជ្រៅ​ទើប​ដឹង​ថា​នោះ​មិន​មែន​ជា​ការ​ពិត​ទេ គឺ​គាត់​ចង់​ឱយ​យើង​ល្អ​តែ​ប៉ុណ្ណោះ។ យើង​​គិត​ឃើញ​របៀបនេះ​បាន យើង​ក៏​អាច​គិត​ឱយ​បាន​ទូលាយ​ជាង​នេះ​អំពី​ទ្រឹស្ដី​ទាំង​សាសនា​យើង​កំពុង​ប្រតិបត្តិ ទាំង​អ្នក​ដទៃ​កំពុង​ប្រតិបត្តិ។
សរុប​មក បើ​គេ​សួរ​ថា​សំល​រ​ម្ជូរ​អាច​ដាក់​អ្វី​បាន​ខ្លះ​ បើ​គេ​មាន​ទាំង​អំពិល​ខ្ចី អំពិល​ទុំ​ សណ្ដាន់ ពង្រ ក្រូច​ឆ្មារ។ខ្ញុំ​នឹង​ឆ្លើយ​ថា ដាក់​តែ​ម្ជូរ​មិន​គ្រប់​គ្រាន់​នោះ​ទេ យើង​ត្រូវ​ដឹង​ពេល​ណា​ត្រូវ​ដាក់ ប៉ុន្មាន​គីឡូ​ត្រូវដាក់ ហើយ​ក៏​មាន​​របស់​ផ្សេង​ទៀត​សំរាប់​បង្ករ​ឱយ​គ្រប់​លក្ខណៈ​ជា​សំល​ម្ជូរ​ដែរ​ គេ​ត្រូវ​ដាក់​អំបិល​ប្រហុក ដាក់​ទឹក ដាក់​បន្លែ ដាក់​ត្រី … និង​ដាក់​ចិត្ត​ស្ល​ផង​ដែរ។
សំនួរ​នេះ​មិន​មាន​បំនង​លើក​មក​សំរាប់​បង្ករ​បញ្ហា​ជា​មួយ​អ្នក​ដែល​មាន​ជំនឿ​ស៊ប់​លើ​សាសនា​ទេ តែ​គ្រាន់​តែ​ជា​​ចំនី​ខួរ​ក្បាលសំរាប់​ពិចារណា​អំពី​ជំហាន​របស់​អ្នក​កំពុង​ចូល​ជ្រៅ​ក្នុង​សាសនា​បាន​ប៉ុណ្ណា​ប៉ុណ្ណោះ។

គំនិត​សំរាប់​ពិចារណា​ខ្លះៗ៖

  • កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឱយ​មនុស្ស​ផ្លាស់​ប្ដូរ​សាសនា?
  • សាសនា​មាន​នាទី​អ្វី​ក្នុង​សង្គម?
  • តើ​គេ​អាច​ចាត់​ទុក​វិទ្យាសាស្ត្រ​ជា​សាសនា​មួយ​បាន​ឬ​ទេ?
  • អ្នក​ណា​បង្កើត​សាសនា?
  • ជំនឿ​ព្រលឹង (animism) ជា​សាសនា​ដំបូង​គេ​មែន​ទេ?
  • តើ​ប្រទេស​មួយ​អាច​រីកចំរើន​ដោយ​មិន​ត្រូវ​ការ​សាសនា​បាន​ដែរ​ឬ​ទេ?
  • តើ​សាសនា​​លេស​នយោបាយ​មែន​ឬ?
  • សាសនា​មួយ​កើត​ឡើង​ពឹង​ផ្អែក​លើ​កត្តា​អ្វី​ខ្លះ?
  • តើ​សាសនា​ធ្វើ​ឱយ​មនុស្ស​បាត់​បង់​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯ​ង​ដែរ​ឬ​ទេ?
Advertisements
បានចុះផ្សាយក្នុង ជំនឿ. 10 Comments »

10 ចំលើយ to “សាសនា​មួយ​ណា​ដែល​ប្រសើរ​ជាង​គេ​សំរាប់​អ្នក?”

  1. វិចិត្រ Says:

    ត្រឹម​ត្រូវ

  2. អគ្គលីបុត្រ Says:

    សាសនាដែលល្អ គឺ​មិន​បង្ខំ​ជនណាម្នាក់​ឲ្យជឿខ្លួន គឺសាសនាព្រះពុទ្ធ!
    មិនដួចសាសនាខ្លះ បង្ខិតបង្ខំ គ្រប់រូបភាព មានទាំងឲ្យលុយកាក់ ផ្តល់ការសិក្សា! អ្នក​ដែល​ចូលហើយ ច្រើន​តែនិយាយ​អត់សូវ​ដឹង​ខ្យល់អីទេ!
    ស្អីតិច​ក៏អរគុណព្រះ សំលាប់មនុស្សហើយទៅ​សុំទោស​ព្រះ រួច​ខ្លួន! :angry:

    • វិចិត្រ Says:

      លោក​បុត្រ​ថា​សាសនា​ណា​ខ្លះ​បង្ខ​ំមនុស្ស​អោយ​ជឿ​តាម​ខ្លួន?
      ខ្ញុំ​ធ្លាប់​តែ​គិត​ថា​សាសនា​គ្រីស្ទ​ស្អី​គេ​នេះ ធ្វើ​បាប​ហើយ សុំ​ទោស​ព្រះ​រួច​បាប​ដែរ។ ដូច​ជា​សំលាប់​មនុស្ស​ហើយ ទៅ​សុំ​ទោស​ព្រះ​ បែរ​ជា​មិន​អី​ទៅ​វិញ។ តាម​ពិត​មក​ពី​ខ្ញុំ​គិត​មិន​ដល់។
      សាក​ល្បង​គិត​ទៅ​មើល នៅ​ស្រុក​អឺរ៉ុប​ភាគ​ច្រើន​កាន់​សាសនា​គ្រីស្ទ តើ​បរិមាណ​នៃ​ការ​កាប់​សំលាប់​មនុស្ស​ ប្រៀប​ធៀប​នឹង​ស្រុក​ខ្មែរ​នរណា​ច្រើន​ជាង? សង្ស័យ​ដូច​តែ​គ្នា។
      ធម្មតា​ប្រទេស​មាន​ច្បាប់ មាន​សាសនា។ ព្រះ​លើក​លែង​ទោស​តែ​ច្បាប់​មានលើក​លែង​ឯណា?។ សាសនាសំរាប់​តែ​ផ្លូវ​ចិត្ត​ប៉ុណ្ណោះ។ យើង​ធ្វើ​អ្វី​មួយ​ខុស សាសនា​ព្រះ​ពុទ្ធ​ថា អ្នក​ឯង​ត្រូវ​តែ​ទទួល​ទោស​នេះ​ជា​ដាច់​ខាត សាសនា​គ្រឹស្ទ​​ថា​កុំ​ពិបាក​ចិត្ត ព្រះ​នឹង​ជួយ​អ្នក។ អ្នក​គិត​ទៅ​មើល​ មួយណា​ដែល​អ្នក​បាន​ធូរ​ចិត្ត​ជាង?។
      សាសនា​ព្រះ​ពុទ្ធ ព្រះ​ពុទ្ធ​ជា​គ្រូ។ សាសនា​គ្រឹស្ទ ព្រះ​ជា​ឪពុក។ បើ​សិន​ជា​កូន​ធ្វើ​ខុស តើ​ឪពុក​គួរ​តែ​កាត់​កាល់​កូន​ចោល​ដែរទេ? ពួក​គ្រឹស្ទ​ថា​ឪពុក​នៅ​តែ​ស្រលាញ់​កូន​ទោះ​បី​ជា​កូន​បាន​ធ្វើ​ខុស អោយ​តែ​កូន​សន្យា​ថា​កុំ​ធ្វើ​ខុស​តទៅ​ទៀត។
      ចំនែក​ឯពួក​ដែល​អូស​ទាញ​គេ​អោយ​ចូល​សាសនា​គ្រឹស្ទ​នោះ គ្រាន់​តែ​ជា​អ្នក​កាន់​សាសនា​គ្រឹស្ទ​ប៉ុណ្ណោះ មិន​មែន​សាសនា​គ្រឹស្ទ​ទេ។
      ត្រង់​ពាក្យ​អរគុណ​ព្រះ ខ្ញុំ​ក៏​ដូច​ជា​មិន​ចូល​ចិត្ត​ដែរ។ គេ​ខំ​ជួយ​បែរ​ជា​អរគុណ​ព្រះ​ទៅ​វិញ។ មាន​បុរស​ជិត​ខាង​ខ្ញុំ​ម្នាក់ រដ្ឋ​តំរូវ​អោយ​ជីក​លូ​មុខ​ផ្ទះ​ គាត់​មិន​ជីក។ ដល់​គេ​ជីក​គ្រប់​គ្នា សល់​តែមុខ​​ផ្ទះគាត់។ អ្នក​ស្រុក​ទើស​ភ្នែក​ពេក ​ក៏​ជីក​អោយ។ ជីក​រួច​ហើយ គាត់​ក៏​និយាយ​ថា សូម​អរគុណ​ដល់​ព្រះ​ជា​ម្ចាស់។ បាន​តែ​ទាត់​មួយ​ជើង​ទំលាក់​លូរ​អី​បាន​សម!!!។​​

  3. ម៉ន Says:

    បកស្រាយបានល្អ !

    គួរអោយស្តាយ ព្រោះមនុស្សលោកបានធ្វើអោយសាសនាច្របូកច្របល់អស់ ។
    ជាពិសេសគឺពួកអ្នកដឹកនាំសាសនាធំៗ ជួនកាលបានធ្វើអំពើមិនល្អ ធ្វើអោយ
    អ្នកខ្លះអស់ជំនឿ ។

  4. 4cambodia Says:

    គឺព្រះពុទ្ធសាសនា! នេះសម្រាប់ខ្ញុំជាខ្មែរ ។ តើខ្មែរអ្នកត្រឡប់ទៅជឿសាសនាគ្រិស្ត បាត់បង់ទំនៀមទម្លាប់ ប្រពៃណីអ្វីខ្លះ?

    • វិចិត្រ Says:

      ដូច​គ្នា​តែ​ពេល​ខ្មែរ​បោះ​បង់​លទ្ធិ​ទេវ​និយម​ មក​ចាប់​យក​លទ្ធិ​ពុទ្ធ​និយម​អញ្ចឹង លែង​ត្រូវ​គេ​កែនអោយ​​សង់​ប្រាសាទ មក​ធ្វើ​វិហារតូចៗ​វិញ​។
      ហើយ​បើ​អីលូវ​ខ្មែរ​បោះ​បង់​ពុទ្ធសាសនា​មក​ចាប់​យក​គ្រឹស្ទសាសនា​វិញ បុណ្យ​ណូអែល​ប៉ាត​ម្សៅ​សប្បាយ​ផ្តាំចាស់ បុណ្យ​វ៉ាលែនទីន​ផ្កា​លក់​ដាច់​អស់​ទាស់ 😀 ។ បាត់​មួយ​កើត​មួយ​ ។ មិនមែន​ស្រុក​ខ្មែរ​កើត​មក សំរាប់​តែ​សាសនា​ព្រះ​ពុទ្ធ​ឯណា។

  5. ម៉ន Says:

    😀 ដលឃើញវិចិត្រនិយាយអីចឹងចង់តែសើច 😀

    ក្នុងចំណោមសាសនានីមួយៗមានបែកចេញជាច្រើនក្រុម ព្រោះតែអ្នកដឹងនាំមិនត្រូវគ្នា
    ឧទាហរណ៍ដូចជាពុទ្ធសាសនា ដែលបានបែកចេញជាបីក្រុម (និកាយ ឬយាន) ៖
    ១. ហីនយាន
    ២. មហាយាន
    ៣. ពេជ្រយាន ឬ វជ្រយាន

    តើអ្នកដឹងថានៅស្រុកខ្មែរយើងគេកាន់យានមួយណា ?

  6. កាក​អំពៅ Says:

    ចូល​វត្ត​ ចូល​វិហារ​ចេះ​តែ​ចូល​ទៅ​ហើយ គ្រាន់​តែ​ខ្ញុំ​មិន​ហ៊ាន​ជជែក​នឹង​ចាស់ៗ​ទេ ខ្លាច​គាត់​ដៀល​ថា​ទមិឡ។
    មិន​ដឹង​ថា​គេ​បង្រៀន​យ៉ាង​ណា​ដែរ Professor មូស្លីម​ធំៗ​មាន​បទ​ពិសោធន៍​រាប់​ឆ្នាំ​ហើយ នៅ​តែ​ជឿ​ថា​ស៊ី​សាច់​ជ្រូក​មិន​បាន នៅ​ពេល​ដែល​សួរ​គេ​ថា​ម៉េច​អី​ចឹង គេ​ថា​​តាម​គម្ពី​គេ​បង្រៀន​បែប​នេះ បែប​នោះ ​ខ្ញុំ​មិន​ដែល​ទទួល​មូលហេតុ​ណា​ដែល​មាន​លក្ខណ​ៈ​ជា​វិទ្យាសាស្ត្រ​ម្ដង​ទេ។
    តាំង​ពី​កើត​មក​ខ្ញុំ​នៅ​នឹង​ព្រះ​ពុទ្ធ​សាសនា​រហូត​មក​ ឃើញ​ថា​មិន​បាន​បង្ខំ​ឱយ​ធ្វើ​នេះ​ ហាម​មិន​ឱយ​ធ្វើ​នោះ​ទេ គ្រាន់​តែ​ណែ​នាំ​ថា​ផ្លូវ​ណា​ខុស ផ្លូវ​ណា​ត្រូវ ត្រង់​យើង​តាម​មិន​តាម​ក៏​គេ​មិន​បង្ខំ ត្រង់​បាប​ឬ​បុណ្យ​ក៏​នៅ​លើ​ខ្លួន​យើង​អ្នក​ប្រព្រឹត្ត ត្រង់​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ឱយ​រង្គៀស​អ្នក​ដទៃ ខ្ញុំ​​ក៏​មាន​ក្ដី​សុខ​មិន​ខ្លាច​គេ​បៀត​បៀន​ដែរ ឯ​បុណ្យ​បាប​នរក​ប្រែត​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ខ្ញុំ​មិន​ទាន់​ជឿ​ទេ គ្រាន់​តែ​ដឹង​ថា​សាសនា​តំរង់​​ខ្ញុំ​បាន​ត្រឹម​ផ្លូវ​ចិត្ត​តែ​ប៉ុណ្ណោះ។

  7. អគ្គលីបុត្រ Says:

    ចឹងដើម្បីកុំឲ្យ​ឈឺក្បាលច្រើន គួរកាន់គំនិតថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ តែប៉ុណ្ណឹងចប់! មិនបានទៅវិហារសូត្រព្រះគម្ពីអីណានោះ! រញ៉េរញ៉ៃណាស់!

    • វិចិត្រ Says:

      លោក​បុត្រ​និយាយ​អញ្ចឹង​ធ្វើ​អោយ​ខ្ញុំ​នឹក​ឃើញ​មិត្ត​ម្នាក់។​គេ​ចូល​សាសនា​យូដា (សាសនា​របស់​ពួក​ជ្វីស)។ ថ្ងៃ​សៅរ៍​ឡើង​ក្រោក​តាំង​ពី​ព្រលប់ ទៅ​វិហារ​សូត្រ​ធម៌ រក​តែ​បបួល​ដើរ​លេង​អី​មិន​បាន។ រាល់​ថ្ងៃ​ក្រោក​ទៅ​រៀន​ ម៉ោង​ប្រាំ​បី​ប្រាំ​បួន​សឹង​មិន​ទាន់។ ត្រូវ​ជា​ក្មេង​ដែល​ចាស់​ច្រើន​តែ​ថា​ទមិឡ​អត់​សាសនា ខ្ញុំ​ក៏​តែង​តែ​និយាយ​ទៅ​វា ថា អញ​ដូច​ជា​ឆ្ងល់​ វិហារ​ជ្វីស​ហ្នឹង​មាន​ស្រី​ស្អាត​ទៅ​សូត្រ​ធម៌​ច្រើន​ហី​ស្អី បាន​ជា​ប្រឹង​ម៉េះ មិន​ដែល​ខាន​ម៉ា​ង៉ៃសៅរ៍​ណា​សោះ។ (ព្រោះ​លឺ​មីង​ម្នាក់​គាត់​ថា​ស្រី​ជ្វីស​ស្អាត​ហើយ​មាន​ទៀត)។
      យូរ​ទៅ​ទើប​ខ្ញុំ​ដឹង​ថា​ពួក​អ្នក​កាន់​សាសនា​នេះ​មាន​ពីរ​ប្រភេទ មួយ​ជា​ប្រភេទ​pratiquant (អ្នក​កាន់​ខ្ជាប់​ខ្ជួន) និង​មួយ​ទៀត អ្នក​ចេះ​តែ​ធ្វើ​ៗ​ទៅ ដូច​ក្មេង​ៗ​ស្រុក​យើង​ភាគ​ច្រើន។ ប្រភេទ​ទី​មួយ​គេ​ទៅ​វិហារ​ខ្ជាប់​ខ្ជូន​បស់​គេ ដូច​ចាស់ៗ​ស្រុក​យើង​អញ្ចឹង។ ប្រភេទ​ទី​ពីរ​មិន​សូវ​ដឹង​អី​ប៉ុន្មាន​ទេ សួរ​អី​ក៏​មិន​ដឹង​ដែរ ដឹង​តែ​ថា​កាន់​សាសនា​គ្រឹស្ទ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: