យើង​ជា​ខ្មែរ ចុះ​នរណា​មិន​មែន​ខ្មែរ?

នរ​ណា​ក៏​អួត​អាង​ថា​យើង​ជា​ខ្មែរ​នោះ​ដែរ ស្ទើរ​តែ​ក្លាយ​ជា​ពាក្យ​ទន្ទេញ​ចាំ​មាត់​ទៅ​ហើយ គ្រាន់​តែ​និយាយ​មាន​អី​ពិបាក តែ​​អ្នក​និយាយ​នោះ​មាន​អ្វី​ជា​សំអាង? ខ្លាច​តែ​យើង​ថា​មិន​បាន​ដូច​ធ្វើ​តែ​ប៉ុណ្ណោះ។

  • យើង​ជា​ខ្មែរ និង WE ARE KHMER មាន​ន័យ​ដូច​គ្នា តែ​បើ​ដាក់​ខ្លួន​ជា​ខ្មែរ​ហើយ យើង​គ្មាន​មូលហេតុ​អ្វី ដែល​​ទៅ​សរសេរ​ជា​ភាសា​បរទេស​​ឱយ​គេ​មើល​នោះ​ទេ។ ទំលាប់​អាក្រក់​មួយ​ក្នុង​ការ​សរសេរ​ត្រាប់​សំលេង​យើង​គួរ​តែ​ជៀស​វាង (transliteration transcription) ព្រោះ​នេះ​ជា​វិធី​សាមញ្ញ​របស់​មនុស្ស​ដែល​មិន​ចេះ​ភាសា​ច្បាស់​លាស់​នោះ​ទេ។ “KIOM SOM TOS”, “TOV NA” , “ហ៊េបភី”, “បឺសដេយ៍”, … មិន​មែន​ជា​ភាសា​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នោះ ទេ យូរ​ៗ​ទៅ​យើង​មិន​ដឹង​ថា​ពាក្យ​នោះ​ជា​ភាសា​អ្វី​សរសេរ​ក្នុង​អក្សរ​អ្វី​នោះ​ទេ។
  • នៅ​ពេល​មាន​ជំលោះ​ជា​មួយ​ថៃ យើង​ធ្វើ​ពហិការ​ឈប់​ប្រើ​ប្រាស់​របស់​ថៃ ងាក​មក​ប្រើ​របស់​ចិន កូរ៉េ​ ជប៉ុន អាមេរិច​វិញ។ ត្រង់​ហ្នឹង​គ្មាន​អ្វី​ខុស​គ្នា​ទេ។ នៅ​ពេល​ដែល​យើង​ព្រួត​ដៃ​គ្នា​ប្រើ​ប្រាស់​ផលិតផល​បរទេស ផលិត​ផល​ក្នុង​ស្រុក​នឹង​ខ្វះ​ទី​ផ្សារ​ក្នុង​ស្រុក​របស់​ខ្លួន, ក្ស័យ​ធន, ធ្វើ​ឱយ​​បុគ្គលិក​ខ្មែរ​អត់​ការ​ធ្វើ​ដដែល​ជា​ដដែល។ ទំនិញ​បរទេស​ដែល​អាច​ឈាន​ជើង​វាយ​លុក​ចូល​ក្នុង​ទី​ផ្សារ​យើង​បាន​ក៏​ចាប់​ផ្ដើម​ពី​ការ​គាំ​ទ្រ​របស់​​អតិថិជន​ក្នុង​ស្រុក​របស់​គេ​ដែរ។ បើ​យើង​មិន​គាំ​ទ្រ​របស់​យើង តើ​ធ្វើ​ម្ដេច​យើង​ងើប​រួច​ពី​ភាព​ឥត​ការ​ងារ​ធ្វើ​របស់​បង​ប្អូន​រួម​ជាតិ​យើង? គួរ​ឱយ​ស្ដាយ មិត្ត​ភ័ក្ដិ​ទាន់​សម័យ​យើង​មួយ​ចំនួន​មិន​តិច​ទេ​ដែល​ខំ​សន្សំ​ប្រាក់​កាស​ចូល​ហាង​ទិញ​សំពត់​អាវ​ស្បែក​ជើង​ល្អៗ​ម៉ាក​អន្តរជាតិ ហើយ​ដើរ​ហួស​តូប​លក់​អាវ​រោង​ចក្រ​កាត់​ដេរ​នៅ​ភ្នំពេញ។
  • យើង​អាច​មើល​ឃើញ​ច្បាស់​ទាំង​អស់​គ្នា នៅ​ពេល​ដែល​ផលិតកម្ម​​ផលិត​បទ​ចំរៀង និង​ខ្សែ​វីដេអូ ឯកសារ​ទាំង​នោះ​ត្រូវ​បាន​ចែក​ចាយ​យ៉ាង​អនាធិបតេយ្យ​ដោយ​អ្នក​ដែល​សំអាង​ខ្លួន​​ថា​ជា​ខ្មែរ​ពេញៗ​មាត់​នោះ។ ទោះ​បី​ជា​ក្រុម​ហ៊ុន​ទាំង​​នោះ​ គ្មាន​សមត្ថភាព​សរសេរ​ទំនុក​ថ្មី ឬ​ចំលង​ពី​បរទេស ឬ ចំលង​ពីអ្នក​និពន្ធ​ចាស់ៗ ក៏​ដោយ ក៏​ការ​លួច​ចំលង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​ត្រឹម​ត្រូវ​ពី​ម្ចាស់​កម្ម​សិទ្ធ​បែប​នេះ មិន​ខុស​ពី​ទ្រឹស្ដី​ពាល​ស៊ីពាល​នោះ​ទេ ទី​បំផុត​គឺ​ពាល​ទាំង​អស់​គ្នា​តែ​ប៉ុណ្ណឹង។ យក​ល្អ​យើង​ត្រូវ​ស្វែង​រក​មូលហេតុ​នៃ​កង្វះ​ខាត​របស់​គេ ហើយ​រិះ​គន់​ក្នុង​ន័យ​កែ​លំអរ ទើប​ហៅ​ថា​កូន​មាន​ពូជ។
  • ម្នាក់​ៗ​​មាន​មោទនភាព​ដែល​កើត​មក​ជា​ខ្មែរ​ព្រោះ​ដូន​តា​ខ្មែរ​ពូកែ​ ឈ្លាស​វៃ ធនធាន​ធម្មជាតិ​ក៏​សំបូរ​សប្បាយ​មិន​ខ្វះ​ស៊ី​ចុក។ ​យើង​គួរ​តែ​គិត​ថា​ពួក​គេ​ធ្វើ​បាន​ប៉ុណ្ណឹង​​តាំង​ពីរាប់​សតវត្ស​មក​ហើយ ចុះ​មក​ដល់​សម័យ​យើង​នេះ យើង​ធ្វើ​បាន​អ្វី​ខ្លះ​ហើយ​ឬ​នៅ? ម៉ែ​ឪ​ពូកែ​​មិន​ប្រាកដ​ថា​កូន​ពូកែ​តាម​ពូជ​នោះ​ទេ បើ​មិន​ចេះ​ខំ​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង។ រឿង​អតីតកាល​លែង​ជា​ការ​ពិត​នោះ​ហើយ បើ​យើង​កំពុង​តែ​បំផ្លាញ​ខ្លួន​ ឯង​យ៉ាង​ដូច្នេះ។
  • យើង​ជា​ខ្មែរ ខ្ញុំ​ស្រលាញ់​ជាតិ ខ្ញុំ​ប្ដេជ្ញា បំបាត់​អំពើ​ពុក​រលួយ ខ្ញុំ​ស្នេហា​ជាតិ … គ្រាន់​តែ​ជា​ការ​ឃោសនា​សំរាប់​ប្រយោជន៍​គេ​តេ​ប៉ុណ្ណោះ បើ​អ្នក​ធ្លាប់​ធ្វើ​សង្គ្រាម​ដេក​ព្រៃ ស៊ី​បាយ​ក្រៀម ធ្វើ​អ្នក​បំរើ​នយោបាយ រេរាំ​តាម​គេ​ញាក់ យើង​នឹង​ដឹង​ថា អ្នក​ថា​ចេះ​តែ​ថា អ្នក​ធើ​ចេះ​តែ​ធើ អ្នក​ខូច​ចាំ​តែ​ប្រមូល​ផល។

ជា​ជាង​ការ​អួត​អាង​ថា​​យើង​ជា​ខ្មែរ យើង​គួរ​បង្ហាញ​ថា​យើង​ពូកែ​ដោយ​​​ទង្វើ​របស់​យើង។ សូម​ចាំ​ទុក​ចុះ «យើង​ជា​ខ្មែរ» ដែល​ចុះ​ផ្សាយ​ក្នុង​ទូរទស្សន៍​ វិទ្យុ កាសែត និង «យើង​ជាខ្មែរ» ដោយ​ចេញ​ពី​ចិត្ត​ និង សកម្មភាព​​ផ្ទាល់​ មាន​ន័យ​មិន​ដូច​គ្នា​ទេ។ យើង​គួរ​កាត់​បន្ថយ​និយាយ​ហើយ​ ចាប់​ផ្ដើម​បញ្ចេញ​សកម្មភាព​ឡើង។

គំនិត​ខ្លះៗ៖

  • តើ​សកម្មភាព​ណា​ខ្លះ បញ្ជាក់​ថា​ជាតិ​និយម?
  • តើ​អ្វី​ទៅ​ជា​លេស​នយោបាយ?
  • យើង​មាន​លទ្ធភាព​បង្កើន​ការ​ផលិត​ក្នុង​ស្រុក​ដែរ​ឬ​ទេ?
  • ផលិត​កម្ម, ការ​ចែកចាយ, និង ការ​លក់និង​ផលិតកម្ម មួយ​ណា​អាច​បង្កើត​ការ​ងារ​បាន​ច្រើន​ជាង​គេ?
  • វិស័យ​ណា​ដែល​ជំរុញ​ឱយ​សេដ្ឋកិច្ច​​កម្ពុជា​រី​ក​ចំរើន​ទៅ​ថ្ងៃ​មុខ?
  • ក្រៅ​ពី​ឧស្សាហកម្ម​កាត់​ដេរ តើ​យើង​អាច​បង្កើត​ឧស្សាហកម្ម​អ្វី​បាន​ទៀត​​ដែល​ឆ្លើយ​តប​តំរូវ​ការ​ក្នុង​ស្រុក​​របស់​កម្ពុជា និង អាច​ប្រជែង​ទាំង​តំលៃ​និង​គុណភាព​ជាមួយ​ផលិតផល​នាំ​ចូល​ពី​បរទេស?
  • និស្សិត​អាច​ជួយ​ការ​ងារ​សង្គម​បាន​អ្វី​ខ្លះ?
  • ប្រវត្តិ​សាស្ត្រ​បង្រៀន​មនុស្ស​ឱយ​ចេះ​អ្វី​ខ្លះ?
  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​អាច​កែ​លំអ​មនុស្ស​ដែល​ចេះ​តេ​ថា​ តែ​មិន​ចេះ​ធ្វើ​?
  • ខ្មែរ​គួរ​ជួយ​ខ្មែរ​តាម​វិធី​ណា?
  • ការ​រស់​ក្រោម​ជំនួយ​បរទេស ផ្ដល់​វិបាក​អ្វី​ខ្លះ​ដល់​កម្ពុជា?
  • ឧស្សាហកម្ម​អាហារ និង ប្លាស្ទិក​អាច​កើត​មាន​ឡើង​នៅ​កម្ពុជា​បាន​ឬ​ទេ?

ខ្ញុំ​នឹង​ភ្ជាប់​អត្ថបទ​របស់​អ្នក​ដែល​ឆ្លើយ​តប​នឹង​សំនួរ​ទាំង​នេះ បើ​អ្នក​​ពេញ​ចិត្ត​ក្នុង​ការ​បក​ស្រាយ​ឱយ​បាន​ក្បោះ​ក្បាយ។

Advertisements

5 ចំលើយ to “យើង​ជា​ខ្មែរ ចុះ​នរណា​មិន​មែន​ខ្មែរ?”

  1. វិចិត្រ Says:

    Transliteration មិន​មែន​សរសេរ​ត្រាប់​តាម​សំលេង​ទេ។ សរសេរ​ត្រាប់​តាម​សំលេង​គេ​ថា Transcription។ Transliteration ជា​ការបំលែង​​អក្សរ​នៃ​ភាសា​មួយ​ទៅអក្សរ​នៃ​ភាសា​មួយ​ទៀត។ ឧទាហរណ៍
    -ខ្មែរ : តារា
    – Transliteration ជា​ឡាតាំង​ជា tārā
    – Transcription ជា​ឡាតាំង​ជា dara

  2. ម៉ន Says:

    និយាយបានល្អ !

    ចឹងហើយបានជាប្លក់របស់ខ្ញុំដាក់ថា៖ “ខ្ញុំក៏ខ្មែរ”
    ព្រោះចង់អោយគេដឹងថា មិនមែនមានតែគេទេ
    ដែលជាខ្មែរនោះ ។

    ទោះបីជាអក្សរខ្មែរខ្ញុំសរសេមិនត្រូវជ្រុងជ្រោយ
    ក៏ដោយ ក៏ខ្ញុំជាខ្មែរម្នាក់ដែរ ហើយក៏មិនដែល
    អួតថាខ្លួនបានធ្វើអ្វីសម្រាប់ជាតិដែរ ។ អ្វីដែល
    សំខាន់នោះ គឺខ្ញុំមិនបានបង្ហិនជាតិទេ ។

  3. អគ្គលីបុត្រ Says:

    នាំគ្នា​អ៊ីត​មីយើងទៅ!

  4. រដ្ឋ Says:

    ដូច​នឹង​គំនិត​របស់​ខ្ញុំ​ណាស់ ខ្ញុំ​ពុំ​ដែល​សរសេរ​ប្រាប់​គេ​ថា ខ្ញុំ​ជា​ខ្មែរ​ទេ ហើយ​ក៏​ពុំ​ដែល​ថា ខ្ញុំ​ស្រលាញ់​ខ្មែរ!! ការ​ពិត​ខ្ញុំ​ជា​ខ្មែរ​រួច​ទៅ​ហើយ (ឬ​ខ្លាច​គេ​ច្រឡំ) ចុះ​បើ​ស្រលាញ់​ឬ​មិន​ស្រលាញ់ ក៏​គួរ​ដឹង​ខ្លួន​ឯង​ដែរ ខ្ញុំ​ពុំ​ចាំបាច់​ស្រែក​ក្ដែង​ៗ ឬ​ចារ​ជា​អក្សរ​ធំៗ​ថា “ខ្ញុំ​ស្រលាញ់​ខ្មែរ​ណាស់” ដែរ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: