ចរាចរណ៍​សំរាប់​យើង​ទាំង​អស់​គ្នា

ខ្ញុំ​មិន​ដឹង​ជា​មើលត្រង់​កន្លៀត​ណា​ឱយ​​ច្បាស់​ទេ ដែល​យើង​ចេះ​តែ​សរសើ​រ​ខ្លួន​ឯង​ថា​​ពូជ​ខ្មែរ​សុភាពរាប​សារ រម្យទម ថ្លៃ​ថ្នូរ​ ចេះ​គួរ​សម ឬ ក៏​ពាក្យ​សទិសន័យ​ផ្សេង​ទៀត​ដែល​មិន​មែន​ជា​ការ​បង្អាប់​ខ្លួន​​ឯង។ ខ្ញុំ​ចេះ​តែ​មើល​ឃើញ​ថា ចរាចរណ៍​លើ​ទ្រូង​ផ្លូវ​នៅ​​រាជធានី​ភ្នំពេញ​សព្វ​ថ្ងៃ​កាន់​តែ​មាន​ភាព​អនាធិបតេយ្យ​យ៉ាង​គគ្រឹក​គគ្រេង គឺ​អ្នក​ចេះ​ក៏​ដូច​ជា​ពាល ឯ​ពាល​ទៀត​សោត​កាន់​តែ​បាត​ផ្សារ​​ដូច​ជា​ប្រទេសច្បាប់ ឬ ក៏​និយាយ​ឱយ​ងាយ គ្រួសារ​គ្មាន​ម៉ែ​ឪ​​ចាស់​ទុំ​ប្រដៅ។

ការ​បង្កើត​កំនត់​ហេតុ​បណ្ដាញ​កាន់​តែ​កើន​ឡើង​ជា​លំដាប់ តែ​គួរ​ឱយ​ស្ដាយ​ដោយ​ខ្ញុំ​​​មិន​មាន​ម៉ាស៊ីន​ថត​រូប  បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​បង្កើត​កំនត់​ហេតុ​បណ្ដាញ​មួយ​ទៀត​សំរាប់​ដាក់​រូប​ភាព​ប្លែកៗ​នៅ​លើ​ទ្រូង​ផ្លូវ​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ។ រូប​ភាព​ទាំង​នោះ​មិន​ពិបាក​ស្វែង​រក​ទេ យើង​គ្រាន់​តែ​ចាំ​នៅ​ចំនុច​ផ្លូវ​បំបែក​តែ​ ៥​ នា​ទី យើង​នឹង​ឃើញ​រថយន្ត​ ម៉ូតូ​បើក​បន្ត​កន្ទុយ​គ្នា​យ៉ាង​ងងើល​ឆ្លង​កាត់​ភ្លើង​ក្រហម ជា​ពិសេស​អស់​លោក​មួយ​ចំនួន​ដែល​ពាក់​ផ្លាក ខេមរភូមិន្ទ និង នគរបាល ទោះ​បី​ជាពួក​គេ​មិន​មាន​ការ​បន្ទាន់​អ្វី​ក៏​ដោយ។ ​ជួន​កាល​យើង​ឃើញ​ រថយន្ត​ Lexus, Land Rover, ឬ ឆ្លាម​ មួយ​ឬ​ពីរ សរសៀរ​បញ្ច្រាស​ផ្លូវ​ទាំង​ទទឹង​ទិស​មុន​នឹង​គេ​ឆ្លង​ផ្លូវ​ទៅ​ម្ខាង​ទៀត មិន​ដឹង​ថា​សាលា​បង្រៀន​បើក​បរ​ណា​បង្ហាត់​គេ​ដូច្នេះ មិន​ដឹង​ថា​អ្នក​ណា​ដែល​ចេញ​ប័ណ្ណ​បើក​បរ​ឱយ​អ្នក​ទាំង​នោះ។​ មិន​ត្រឹម​តែ​ច្បាប់​ចរាចរណ៍​​ទេ​ដែល​គេ​មិន​គោរព សូម្បី​តែ​សីលធម៌​ក្នុង​ខ្លួន​បន្តិច​ក៏​គ្មាន​ដែរ មិន​សម​នឹង​ឋានៈ សំលៀក​បំពាក់​ជា​អ្នក​ខ្ពង់​ខ្ពស់​សោះ។

សំនួរ​មួយ​ដែល​យើង​ប្រហែល​ជា​ធ្លាប់​សួរ​ខ្លួន​ឯង​រួច​មក​ហើយ «តើ​ហេតុ​អ្វី​បាន​ជា​ប្រជាជន​មិន​គោរព​ប៉ូលីស​ចរាចរណ៍​បន្តិច​ណា​សោះ?» ព្រោះ​នៅ​ពេល​ដែល​គេ​ណែ​នាំ​ទូទាំង​ប្រទេស​ឱយ​​ពាក់​មួក​ការ​ពារ ​ឬ ដាក់​កញ្ចក់​ម៉ូតូ​ អ្នក​ទាំង​នោះ​ធ្វើ​ហាក់​ដូច​ជា​គ្មាន​បាន​ដឹង​ឮ​បន្តិច​ណា​សោះ នៅ​ពេល​ដែល​ប៉ូលីស​ចរាចរណ៍​កាក់​ផាក​ពិន័យ​តាម​ផ្លូវ គេ​ស្ទើរ​តែ​នឹង​ជិះ​បុក​ប៉ូលីស​ទាំង​រស់ ឬ ក៏ ជជែក​តវ៉ា​យក​ឈ្នះ​ចាញ់ឱយ​ខាន​តែ​បាន។ អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ គឺ​ដោយ​សារ​តែ​ច្បាប់​កំ​នត់​ហើយ​យើង​​មិន​បាន​អនុវត្ត​ឱយ​បាន​ត្រឹម​ត្រូវ។ ប៉ូលីស​ផាក​​កំនត់​តំលៃ​តាម​ចិត្ត​ដូច​អ្នក​លក់​បន្លែ ប៉ូលីស​​ខ្លះ​សំដី​ក្អេង​ក្អាង​មិន​សម​ជា​អ្នក​កាន់​ច្បាប់ ជួន​កាល​គេ​កាក់​មើល​តាម​មុខមាត់​អ្នក​បើក​បរ បើ​ផ្លាក ខ.ម ឬ ន.ប ឬ រថយន្ត​ទំនើបៗ គេ​ឱយ​ទៅ​ ឱយ​មក​តាម​ក្បាល​ចិត្ត​គេ តែ​ចំពោះ​អ្នក​រត់​ម៉ូតូ​ឌុប ឬ អ្នក​មក​ពី​ខេត្ត​ ខោ​មិន​ខោ អាវ​មិន​អាវ ប៉ូលីស​ទាំង​នោះ​ព័ទ្ធ​ស៊ី​តែ​ម្ដង។ កុំ​ថា​ឡើង​តែ​ក្មេង​ស្ទាវ សូម្បី​តែ​រូប​ខ្ញុំ បើ​មាន​ផ្លូវ​កន្លុក​កន្លៀត​ណា​ទៅ​រួច ទោះ​បី​ជា​ខ្ញុំ​មាន​មួក មាន​កញ្ចក់​ត្រឹម​ត្រូវ​ហើយ​ក៏​ដោយ ក៏ ខ្ញុំ​មិន​ខ្ចី​ទៅ​ជិះ​កាត់​មុខ​ប៉ូលីស​ចរាចរណ៍​នាំ​ឱយ​ស៊យ​ទាំង​ព្រឹក​នោះ​ដែរ។

បំនង​ល្អ​មួយ​ទៀត​ដែល​ខ្ញុំ​សូម​ស្នើ​ដល់​អ្នក​​បញ្ជា​រ​យាន​យន្ត​ទាំង​អស់​គ្នា បើ​យើង​គោរព​ច្បាប់​មិន​បាន​ខ្ជាប់​ខ្ជួន ក៏​សូម​យក​សីលធម៌​ដាក់​ខ្លួន​ផង​ដែរ។ ជា​រឿយៗ យើង​ឃើញ​មាន​ម៉ូតូ​ធុន​ទំនើប​ជិះ​កាត់​មុខ​​ស៊ី​ក្លូ​យ៉ាង​ក្លាហាន ឯ​តា​ស៊ីក្លូ​ត្រូវ​បង្ខំ​ចិត្ត​ទាញ​ប្រាំង​​ថយ​ក្រោយបញ្ឈប់​​យ៉ាង​ទាន់​ហន់​​ទោះ​បី​គាន់​មិន​មាន​ប្រាំង​បូម​ក៏​ដោយ ហើយ​ទំលាក់​ខ្លួន​ចុះ​មក​ដី​ដើម្បី​បណ្ដើរ​​ដោយ​កំលាំង​បាយ​ ហូរ​ញើស​សស្រាក់​ទៅ​វិញ ខុស​ពី​យើង​ដែល​ប្រើ​ម៉ាស៊ីន​ចង់​ទៅ​មុខ​ ចង់​ទៅ​ក្រោយ​បាន​តាម​ចិត្ត​ដោយ​គ្រាន់​តែ​កាច់​ចង្កឹះ​លេខ​តែ​បន្តិច។ មួយ​វិញ​ទៀត យើង​ប្រហែល​ជា​ពិបាក​គេច​ផុត​ណាស់​នៅ​លើ​ផ្លូវ​ធំ​មួយ​ចំនួន គេ​ចត​ឡាន​ចូល​មក​ក្នុង​ទ្រូង​ផ្លូវ​រហូត​ដល់​ទៅ​បី​ជួរ ចង់​នរណា​ៗ​ស្ទះ យឺត​ដំនើរ​ ក៏​គេ​មិន​ខ្ចី​ឈឺ​ក្បាល​ដែរ។ ចំនត​នៅ​តាម​ផ្លូវ​កែង​មួយ​ចំនួន​ក៏​ជា​​បញ្ហា​ចំបង​ដែល​បណ្ដាល​ឱយ​ចរាចរណ៍​នៅ​ភ្នំពេញ​កក​ស្ទះ​ជា​រៀង​រាល់​ថ្ងៃ​ដែរ។

សកម្មភាព​​អនាធិបតេយ្យ​បែប​នេះ មិន​បាន​ស្ថិត​នៅ​មួយ​កន្លែង​នោះ​ទេ។ វា​បាន​ធ្វើ​ឱយ​កូន​ខ្មែរ​ជំនាន់​ក្រោយ​កែ​ប្រែ​អត្តចរិក​បន្តិច​ម្ដងៗ​ដោយ​មិន​ដឹង​ខ្លួន គឺ​មិន​បាន​ឈាន​ទៅ​រក​ភាព​ល្អ​ប្រសើរ​ទេ តែ​បែ​រ​ជា​ធ្លាក់​ទៅ​រក​ភាព​អវិជ្ជា​​ អសីលធម៌​យ៉ាង​ងងប់​ងងល់ ដោយ​សារ​តែ​អ្នក​គ្រាន់​បើ​មួយ​ចំនួន​ហើយ មួយ​ចំនួន​ទៀត ផ្ដល់​គំរូ​ពាល​ឱយ​ពួក​គេ។ យើង​សង្ឃឹម​ថា​ ការ​កែប្រែ​ចាប់​ផ្ដើម​ពី​បុគ្គល​នី​មួយៗ បើ​យើង​អាច​គ្រប់​គ្រង​ខ្លួន​យើង​បាន នោះ​យើង​ក៏​មាន​ទឹក​ចិត្ត​ក្នុង​ការ​ជួយ​ណែនាំ​អ្នក​នៅ​ជិត​ខ្លួន​ផង​ដែរ។ សូម​ជូន​ពរ​អ្នក​ធ្វើ​ដំនើរ​លើ​ទ្រូង​ផ្លូវ​ប្រកប​ដោយ​សុវត្ថិភាព។

Advertisements
បានចុះផ្សាយក្នុង ចរាចរ, យុវវ័យ, សង្គម​កិច្ច. Leave a Comment »

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: