លំហាត់​ប្រាណ​នៅ​ស្តាត​អូឡាំពិច

ជា​រៀង​រាល់​ថ្ងៃ ខ្មែរ​និង​បរទេស​មិន​តិច​ទេ​ដែល​មក​ណាត់​ជួប​គ្នា​នៅ​ក្នុង​ទីលាន​ស្តាត​អូឡាំពិច ដើម្បី​ទាំង​ហាត់​ប្រាណ​ផង ឬក៏​មក​មើល​អ្នក​ហាត់​ប្រាណ​ផង (ក្នុង​នោះ​ប្រហែល​ជា​មាន​ខ្ញុំ​ដែរ​ក៏​មិន​ដឹង)។ នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​ដាក់​បាល់​ទាត់​លើ​ទី​ធ្លា​កំរាល​ស៊ីម៉ង់​ដែល​មិន​មែន​ជា​ទី​ធ្លា​សំរាប់​លេង​បាល់​​ផង​នោះ យើង​តែង​តែ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «តើ​យើង​លេង​ដើម្បី​ជីវភាព ឬ ដើម្បី​សុខភាព?» ទោះ​បី​ជា​ម្នាក់ៗ​បាន​ដឹង​ចំលើយ​រួច​ស្រេច​ទៅ​ហើយ​នោះ។ ទាំង​នេះ​ជា​ទិដ្ឋភាព​មួយ​ផ្នែក​តូច​ដែល​ខ្ញុំ​បាន​មើល​ឃើញ ឯ​រូបភាព​ធំដុំ​ជុំវិញ​កីឡាដ្ឋាន​នេះ​វិញ​ ខ្ញុំ​ក៏​មិន​ហ៊ាន​សន្មត​ថា​យ៉ាង​ណា​ដែរ​ ត្បិត​ខ្ញុំ​មាន​ភ្នែក​តែ​ពីរប៉ុណ្ណោះ។

រូប​ភាព​ដំបូង​ដែល​ខ្ញុំ​ភ្ញាក់​ផ្អើលនោះ គឺ​ដី​ស្តាត​ដ៏​ធំល្វឹង​ល្វើយត្រូវ​បាន​កាត់​ពី​លិច​ ពី​កើត​ ពី​ជើង​ ពី​ត្បូង យ៉ាង​ច្រើន​គួរ​សម​ល្ម​ម​ធ្វើ​សេដ្ឋី​នៅ​ស្រុក​ខ្មែរ​បាន​ដែរ ឯ​អ្នក​មក​ហាត់​ប្រាណ​ត្រូវ​ប្រជ្រៀត​គ្នា​នៅ​ក្នុង​ស្តាត​រាប់​រយ​នាក់។ គ្រាន់​បើ​ដែរ​ដែល​គេ​កាត់​ដី​ស្តាត​លក់​ធ្វើ​អ្នក​មាន នេះ​បើ​ទៅ​ថ្ងៃ​មុខ​គេ​កាត់​ដី​សាលារៀន ដី​វត្ត​អារាម​ធ្វើ​ជា​ផ្ទះ​ល្វែង​​ដោយ​លើក​មូលហេតុ​ថា​ជា​ការ​អភិវឌ្ឍតំបន់​សេដ្ឋកិច្ច​នោះ​ កូន​ចៅ​យើង​ប្រហែល​ជា​អស់​សាលា​រៀន​សូត្រ អស់​ទី​សំនាក់​សំរាប់​ព្រះ​សង្ឃ​និង​គោរព​បូជា​ព្រះ​ពុទ្ធ​សាសនា​ហើយ។ សំរាប់​អ្នក​ទាំង​នោះ​ប្រហែល​ជា​គ្មាន​បញ្ហា​ទេ ព្រោះ​គេ​បញ្ជូន​កូនចៅ​គេ​រៀន​សុទ្ធ​តែ​នៅសាលា​ឯកជន​ថ្លៃៗ​ ប្រកប​ដោយ​គ្រូ​ល្អៗ លុះ​ចប់ ឬ ក៏​មិន​ទាន់​ចប់​ផង គេ​បញ្ជូនទៅ​រៀន​នៅ​បរទេស​ថែម​ទៀត​ទោះ​ជា​តំលៃ​សិក្សា​ខ្ពស់​យ៉ាង​ណា​ក៏​មិន​មាន​បញ្ហា​ប៉ុន​ក្រចក​ដៃ​គេ​ដែរ ព្រោះ​គេ​យល់​ថា​សាលា​ស្រុក​ខ្មែរ​វា​មិន​ខ្មោច កូន​ចៅ​គេ​រៀន​​ចប់​ក្នុង​ប្រទេស​កសិកម្ម​បាន​ត្រឹម​តែ​តែ​កាប់​គាស់​ដី​បែក​ក្រហែង​តែ​ប៉ុណ្ណោះ។ នេះ​ជា​ការ​យល់​ខុស​មួយ​យ៉ាង​ធ្ងន់​ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​ក្រើន​រំលឹក​ខ្លួន​ឡើង​វិញ។  បើ​ទោះ​ជា​មេអំបៅ​ពណ៌​ល្អ​ស្រស់​ស្អាត​យ៉ាង​ណា វា​មិន​អាច​​រំលង​ជីវិត​រស់​នៅ​ជា​​សត្វ​ដង្កូវ​បាន​ឡើយ។

បើ​យើង​ចូល​ទៅ​ហាត់​ប្រាណ​នៅ​ក្នុង​ស្តាត​រាល់​ថ្ងៃ យើង​ត្រូវ​ត្រៀម​ប្រាក់​ទុក​បង់​ឱយ​គេ​បើ​មិន​ផ្ញើ​កង់​ម៉ូតូ​នៅ​កន្លែង​ផ្ញើ ក៏​ត្រូវ​សែន​ឱយ​ឆ្មាំ​យាម​ទ្វារម្ដង ១០០០​រៀល​ដែរ។ ទំនង​ដែរ !… ចុះ​ស្តាត​ហ្នឹង​ជា​កម្ម​សិទ្ធិ​​របស់​លោក ឬ លោក​ស្រី​មួយ​ណា? គាត់​សង់​ស្តាត​ហ្នឹង​ពី​អង្កាល់? បាន​ជា​​ឱយ​ប្រជា​ជន​បង់​ថ្លៃ​ចូល​ហាត់​ប្រាណ​ដែរ​នោះ។ បើ​តាម​ផ្សារ​ទំនើប ភោជនីយដ្ឋាន បណ្ណាគា​ផ្សេងៗ គេ​មាន​តែ​លើក​ទឹក​ចិត្ត​ឱយ​ចូល​កន្លែង​គេ​ទៀតផង ដោយ​មិន​បាច់​បង់​ប្រាក់​ចំនត​ឬ​យក​ថ្លៃ​តិច​តួច​ប៉ុណ្ណោះ លុះ​អតិថិជន​ឃើញ​ថា​សេវាកម្ម​គេ​ល្អ គេ​ក៏​ផ្ដល់​កំរៃ​ក្រៅ​ដោយ​សមាន​ចិត្តតែ​ប៉ុណ្ណោះ។ ឯ​ស្តាត​អូឡាំ​ពិច​វិញ ទី​តាំង​ក៏​ចំ​កណ្ដាល​ក្រុង មនុស្ស​ចូល​រាល់​ថ្ងៃ មិន​ប្រកាន់​ថ្ងៃ​ឈប់​សំរាក សេវាកម្ម​គឺ​គ្មាន​អ្វី​ទាល់​តែ​សោះ ដី​ស្តាត​មាន​ស្រាប់​តាំង​ពី​ជំនាន់​ជីតា​ខ្ញុំ ម៉េច​ក៏​គេ​ហ៊ាន​ទារ​ប្រាក់​ផ្ញើម៉ូតូ​ដល់​ទៅ​ ១០០០​រៀល? តំលៃ​នេះ​មិន​ច្រើន​ទេ​សំរាប់​យើង​ម្នាក់ៗ តែ​ក៏​មិន​តិច​ដែរ​បើ​ធៀប​ទៅ​នឹង​តំលៃ​ផ្ញើ​នៅ​ខាង​ក្រៅ បើ​ធៀប​ទៅ​នឹង​ចំនួន​មនុស្ស​ចេញ​ចូល​ស្តាត​រាល់​ថ្ងៃ បើ​ធៀប​ទៅ នឹង​ចំនួន​ឆ្មាំ​ស្តាត​ទាំង​ប៉ុន្មាន​នាក់​នោះ ឬ ក៏​បើ​ធៀប​ផ្ទាល់​ទៅ​នឹងសេវាកម្ម​នៅ​ក្នុង​ស្តាត​នោះ។ ដី​ស្តាត​ជា​ដី​រដ្ឋ​ ជា​សម្បត្តិ​រាស្ត្រ​សោះ ហេតុ​អ្វី​ក៏​គេ​ហ៊ាន​ដាក់​ខ្សែ​មួយ​សរសៃ​យក​លុយ​យ៉ាង​ព្រងើយ​បែប​នេះ​ទៅ​វិញ។

កាល​មុន គេ​យក​ថ្លៃ​ផ្ញើ​ម៉ូតូ​មួយ ៥០០​រៀល បើ​ចង់​ជិះ​ចូល​ក្នុង ក៏​ត្រូវ​បង់​៥០០​រៀល​ដែរ។ លុះ​ក្រោយ​មក​មាន​អ្នក​ខឹង​សម្បារ​ថា​បាត់​ម៉ូតូ​គេ​ក្នុង​ស្តាត គេ​ក៏​​តំរូវ​ឱយ​ម៉ូតូ​ទាំង​អស់​ផ្ញើ​នៅ​មាត់​ទ្វារ​ហើយ​ដើរ​ចូល។ មិន​បាន​ប៉ុន្មាន គេ​បើក​ឱយ​ចូល​ដដែល​ តែ​គេ​យក​ប្រាក់​១០០០​រៀល បើ​ផ្ញើ​ក៏​១០០០រៀល​ដូច​តែ​គ្នា។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ តាម​សំដី​អ្នក​លក់​ដូរ​ក្នុង​ស្តាត​បាន​ប្រាប់​ថា អ្នក​លេង​ទឹក​ភ្លៀង​​ដែល​បាន​ជិះ​ម៉ូតូ​ចូល ហើយ​ទុក​ប្រហែស ត្រូវ​បាន​គេ​កាច់​ក​លួច​យក​ម៉ូតូ​ទៅ​បាត់។ អ្នក​នោះ​ក៏​ទៅ​ប្ដឹង​ថ្នាក់​លើ (ថ្នាក់​លើ​​ដល់​ថ្នាក់​ណា​ទៅ?) ថ្នាក់​លើ​ក៏​បញ្ជា​ឱយ​ឈប់​បើក​ឱយ​ម៉ូតូ​ចូល។ មួយ​ដំបរ​និង​បួន​គឺ​ដូច​តែ​គ្នា។ អ្នក​ខ្លាច​អំនាច​គេ​ត្រូវ​ទុក​ម៉ូតូ​ផ្ញើ​នៅ​មាត់​ទ្វារ ឯ​អ្នក​គ្រាន់​បើ​ជិះ​ម៉ូតូ​ចូល​ទាល់​តែ​ដល់​ក្នុង​បន្ទប់​ទឹក​ក៏​គ្មាន​បញ្ហា។ ម៉ូតូ​នៅ​តែ​មាន​ចត​ប្រសេច​ប្រសាច​ក្នុង​ដី​ស្តាត​ដដែល មិន​មែន​ជា​យាន​ជំនិះ​របស់​អ្នក​លក់​ដូរ​ទេ នោះ​ជា​ម៉ូតូ របស់​អ្នក​ដែល​មក​លេង​កីឡា​ដូច​យើង​ធម្មតា​ដែរ។ មិន​ដឹង​ដែរ ចុះ​បើ​គេ​បើក​ឱយ​ចូល​វិញ​ហើយ​យក​លុយ​មួយ​ជាពីរ​ដូច​មុនទៀត យើង​នឹង​ត្រូវ​បង់ដល់ ២០០០​រៀល​ហើយ។ អស្ចារ្យ!… ថ្នាក់​លើ​ចេះ​បញ្ជា​រ​ឱយ​​ថ្នាក់​ក្រោម​បិទ​មិន​ឱយម៉ូតូ​ចូល ចុះ​​តំលៃ​ដែល​គេ​កំនត់​ឱយ​យើង​បង់​ប៉ុណ្ណេះ​ ប៉ុណ្ណោះ តើ​ថ្នាក់​មួយ​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ ថ្នាក់​ណា​ជា​អ្នក​សំរេច ហើយ​ថ្នាក់ណា​ជា​អ្នក​​​ចាំ​ស៊ីចុក។ នេះ​មិន​ទាន់​ដឹង​ថា​អ្នក​ចេញ​ចូល​ហាត់​ប្រាណ​រាល់​ថ្ងៃ​មាន​ថ្នាក់​ណា​ខ្លះដែរ ឬ ក៏​ថ្នាក់​ទាំង​ប៉ុន្មាន​នោះ​បាន​ដឹង​ឮ​រឿង​នេះ​ឬ​ទេ។ ត្រង់​ម៉ូតូ​បាត់​នោះ វា​ហាក់​ដូច​ជា​គ្មាន​អ្វី​ពាក់​ព័ន្ធ​គ្នា​សោះ ត្បិត​គេ​មាន​​កន្លែង​ឱយ​ផ្ញើ​ហើយ​យើង​នៅ​តែ​ចចេស​ចង់​ចូល​ទៀត ដល់​បាត់​តាំង​រក​រឿង​ខឹង​សំបារ​នឹង​គេ ច្បាប់​ព្រៃ​ក៏​មិន​បាន​ចែង​ដូច​នោះ​ដែរ។

ស្ថាប័ន​ពាក់​ព័ន្ធ គួរ​ផ្ដល់​ដំនោះ​ស្រាយ​សម​ស្រប​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​សង​ខាង យើង​មិន​រារែក​​បង់​ប្រាក់​ដើម្បី​ចូល​លេង​ក្នុង​កីឡា​ដ្ឋាន តែ​ត្រូវ​ដឹង​ថា​នេះ​ជា​វិភាគ​ទាន​សំរាប់​ផ្នែក​មួយ​ណា។ ការ​ហាម​ឃាត់​គួរ​តែ​អនុវត្ត​សំរាប់​គ្រប់​គ្នា បើ​បិទ​ម៉ូតូ​មិន​ឱយ​ចូល ឆ្មាំ​ទ្វារ​គួ​រ​បិទ​ទាំង​អស់។ បើ​មាន​អ្នក​រឹង​ក្បាល​ចង់​យក​ជិះ​ចូល ក៏​ចូល​ទៅ បាត់​ក៏​បាត់​ទៅ ព្រោះ​យើង​បាន​ហាម​ឃាត់ បាន​ដឹង​ឮ​គ្រប់​ៗ​គ្នា​ហើយ។

P.S. លេង​ទឹក​ភ្លៀង, កន្ទុយ​លេខ, ភ្នាល់​បាល់ សុទ្ធ​តែ​ជា​ល្បែង​ស៊ីសង បើ​ជៀស​ឱយ​ឆ្ងាយ​បាន​យើង​ក៏​មិន​គួរ​សសៀរ​ទៅ​ជិត​ដែរ។ បើ​បិទ​កុំ​ឱយ​មាន​ល្បែង​ទាំង​នេះ​បាន​គឺ​រឹត​តែ​អស្ចារ្យ តែ​ខ្ញុំ​នៅ​តែ​ឃើញ​ជា​ញឹក​ញយ​គេ​កាន់​ក្រដាស​ភ្នាល់​បាល់​បង្ហាញ​គ្នា​​មក​ទល់​ពេល​នេះ ទោះ​បី​ជា​រដ្ឋា​ភិបាល​បាន​ប្រកាស​ឱយ​​បញ្ឈប់​ដាច់​ខាត​ហើយ​នោះ។

Advertisements
បានចុះផ្សាយក្នុង កីឡា. 1 Comment »

មួយចំលើយ to “លំហាត់​ប្រាណ​នៅ​ស្តាត​អូឡាំពិច”

  1. Sabay Says:

    យ៉ាបណាស់​ស្រុកស្មែរ បើអង្គុយ​រឺះគុន់វិញហេ​អត់ចេះអស់ទេ​ រឺះគន់​អស់​ជិត​១០ឆ្នាំហើយ​នៅតែមានរឿងថ្មីរឹះគន់ទៀត។ យូរៗទៅរឺះគិន់អត់ទាន់ព្រោះរឿង​យ៉ាប់ៗ​កើនលឿនជាងពេលទំនេរសំរាប់រឺះគន់។​


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: