រៀន​សរសេរ​កំនត់​ហេតុ​

កំនត់​ហេតុ​បណ្ដាញ​ជា​ច្រើន​ត្រូវ​បាន​បង្កើត ទន្ទឹម​នឹង​ទំព័រ​ចាស់ៗ​ត្រូវ​បាន​ទុក​ចោល​ឥត​ប្រយោជន៍ ឬ ក៏​លុប​ចោល​ក៏​មាន។ សំរាប់​អ្នក​ចាប់​ផ្ដើម ការ​សរសេរ​កំនត់​ហេតុ​​គ្រាន់​តែ​ជា​ចំនង់​ចំនូល​ចិត្ត​​សំរាប់​បង្ហាញ​ខ្លួន​នៅ​លើ​ប្រព័ន្ធ​ Internet តែ​ប៉ុណ្ណោះ ឯ​អ្នក​មាន​បទ​ពិសោធន៍​យូរ​ហើយ គេ​សរសេរ​ដើម្បី​ទាក់​ទាញ​អ្នក​អាន​ឱយ​បាន​កាន់​តែ​ច្រើន ឬ ក៏​ស្វែង​រក​កេរ្ដិ៍​ឈ្មោះ​បន្ថែម​ក្រៅ​ម៉ោង​ធ្វើ​ការ ឬ ក៏​ក្រៅ​ជំនាញ​របស់​ខ្លួន​ផង​ដែរ។ ឯ​អ្នក​ពូកែ​មួយ​ក្រុម​ទៀត​ ការ​សរសេរ​អត្ថបទ​លែង​មាន​ការ​សំខាន់​សំរាប់​ទាក់​ទាញ​អ្នក​អាន ឬ ក៏​ផ្ដល់ការ​អប់​រំ​ក្រៅ​ប្រព័ន្ធ​ដល់​អ្នក​ទាំង​នោះ​ទៀត​ហើយ ព្រោះ​គេ​មើល​ឃើញ​ឱកាស​ក្នុង​ការ​ស្វែង​រកប្រាក់​ចំនូល​របស់​គេ។​ មាន​ទាំង​ផ្លូវ​ត្រង់ មាន​ទាំង​ផ្លូវ​វៀង និង ផ្លូវ​កាត់ មានទាំង​ផ្លូវ​គោក​ ទឹក​ អាកាស​ទៀត​ផង​ក៏​មិន​ដឹង។

ខ្ញុំ​ចាប់​សរសេរ​ក្នុង​សៀវភៅ​កំនត់​ហេតុ​ដំបូង​តាំង​ពី​ចប់​បឋម​សិក្សា តែ​ការ​រៀប​រាប់​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ពិត​ជា​មាន​ការ​ពិបាក​ខ្លាំង​ណាស់។ ម៉្យាង​ទៀត ភាព​ឯកជន​ក្នុង​គ្រួសារ ក្នុង​សង្គម​ខ្មែរ មិន​បាន​ទទួល​ការ​គាំទ្រ​ណាស់ណា​ទេ ក្រែង​លោ​ថ្ងៃ​ណា​មួយ​ នរណាមួយ រក​ឃើញ​សៀវភៅ​កំនត់​ហេតុ​ខ្ញុំ​នៅ​កន្លែង​ណា​មួយ​ គេ​ប្រហែល​មិន​ស្វែង​រក​ម្ចាស់​សៀវភៅ​ដើម្បី​ប្រគល់​ឱយ​វិញ​ទេ គឺ​ភាព​ចង់​ដឹង​ជំរុញ​ឱយ​រឹត​តែ​ចង់​ដឹង​លឺ​ថែម​ទៀត​ថា​មាន​អ្វី​ខ្លះ​នៅ​ក្នុង​ទំព័រ​សៀវភៅ។

ប្លែក​ដែរ ជាធម្មតា​កំនត់​ហេតុ​ប្រើ​សំរាប់​សរសេរ​ដោយ​ស្មេរ​ប៉ុន្មាន​នាក់​ ហើយ​អាន​ដោយ​អ្នក​អាន​ប៉ុន្មាននាក់​ប៉ុណ្ណោះ។ លុះ​ឥលូវ​ គេ​សរសេរ​កំនត់​ហេតុ​ដើម្បី​ឱយ​មាន​អ្នក​អាន​កាន់​តែ​ច្រើន​ គឺ​កាន់​តែ​ល្អ។​ ក្នុង​ចំនោម​កំនត់​ហេតុ​រាប់​រយ​ដែល​ខ្ញុំ​អាន​ប៉ុន្មាន​ឆ្នាំ​មក​នេះ មាន​តែ​ទំព័រ​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​អាច​ចាត់​ទុក​ថា​មាន​តំលៃ​គួរ​ចូលចិត្ត​ គួរ​ចង់​អាន មិន​មែន​រ៉ាយ​រ៉ាប់​ អួត​អាង​ពីនេះ​ពីនោះ​បន្ត​ពី​អ្នក​ដែល​រ៉ាយរ៉ាប់​អួត​អាង​ពីនេះ​ពី​នោះ​បន្ត​ពី​​ម្នាក់​ទៀត​ទេ។

កំនត់​ហេតុ​ភាគ​ច្រើន​សរសេរ​ដោយ​ម្នាក់​ឯង។ បើ​អ្នក​នោះ មាន​ឱកាស​នៅ​ជាប់​ Internet ពេញ​ម៉ោង គេ​ចង់​សរសេរ​ដប់​អត្ថបទ​ក្នុង​មួយ​ថ្ងៃ​ក៏​បាន ចង់​សរសេរ​ពេល​ណា​ក៏​បាន ឬ​សរសេរ​ពី​អ្វី​ក៏​បាន។ ឱយ​តែ​យើង​ឧស្សាហ៍​អាន​ ត្រលប់​ទៅ​ទំព័រ​នោះ​លើក​ណា​ក៏​មាន​អ្វី​ដែល​ថ្មីៗ​ជានិច្ច។ បើ​នៅ​ស្រុក​ខ្មែរ​វិញ អ្នក​ដែល​គេ​ហៅ​ថា​ល្បី​ក្នុង​ពិភព​ WordPress ឬ Blogger នោះ​មិន​សូវ​មាន​ប៉ុន្មាន​ទេ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូល​ Internet Cafe ខួរ​ក្បាល​ស្រលះ​អស់​រលីង ចង់​សរសេរ​ពី​អ្វី ក៏​នឹក​ឃើញ​តែ​សញ្ញា​សួរ លុះ​ចេញ​មក​ក្រៅវិញ​សំនួរ​ចាក់​ស្រេះ​រាប់​មិន​អស់​ចាប់​ផ្ដើម​ផុស​មក​វិញ​ជា​បន្ត​បន្ទាប់។ ដូច្នោះ​ហើយ​អ្នក​អាន​នឹង​មាន​ការ​ធុញ​ទ្រាន់ បើ​គេ​មក​មួយ​សប្ដាហ៍​ហើយ​ឃើញ​តែ​អត្ថបទ​ដដែល។ យក​ល្អ​ យើង​គួរ​កំនត់​កាលវិភាគ​ថា​ត្រូវ​សរសេរ​អត្ថបទ​ប៉ុន្មាន​ដង​ក្នុង​មួយ​សប្ដាហ៍ និង សរសេរ​ពី​អ្វី​ខ្លះរួច​ជា​ស្រេច​មុន​ចូល Internet Cafe។

ថ្វី​បើ​​យូនីកូដ​ខ្មែរ​ត្រូវ​បាន​បង្កើត​ហើយ​ក្ដី អ្នក​សរសេរ​កំនត់ហេតុ​ជា​ភាសា​ខ្មែរ​ភាគ​ច្រើន​មាន​លក្ខណៈ​ជា​កំនត់​ហេតុ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ អ្នក​ចេះ​ឆក់​ឱកាស ឬ ក៏​អ្នក​ពូកែ​រក​ស៊ី គេ​សរសេរ (ឬភាគ​ច្រើន​គេ​ចំលង) អត្ថបទ​ភាសា​អង់គ្លេស​ពី​ទំព័រ​ដទៃ (ភាគ​ច្រើន​ជាពត៌មាន) ដាក់​ក្នុង​ទំព័រ​របស់​គេ​ហើយ​ដាក់​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្មសំរាប់​រក​លុយ។ យើង​កំពុង​អាន​អត្ថបទ​ដែល​ចំលង​ពី​ឯកសារ​គេ​តែ​ប៉ុណ្ណោះ។ សរុប​មក​ ខ្មែរ​សរសេរ​អង់​គ្លេស​ឱយ​ខ្មែរ​អាន។ ចុះ​សរសេរ​ជា​ភាសា​ខ្មែរ​ថោក​ណាស់​ទៅ​ឬ? ទេ​មិន​ថោក​ទេ តែ​វា​គ្មាន​ប្រយោជន៍ ព្រោះ​រក​លុយ​មិន​បាន។

ខ្ញុំ​ចង់​ជំរុញ​ឱយ​ស្មេរ​ទាំង​អស់​ទទួល​ជោគ​ជ័យ​ក្នុង​ការ​សរសេរ​កំនត់​ហេតុ​របស់​ខ្លួន ជាជាង​ចំនាយ​ពេល​ឥត​ប្រយោជន៍ សំរាប់​ការ​ងារ​ឥត​ប្រយោជន៍ ដើម្បី​មនុស្ស​ឥត​ប្រយោជន៍​នោះទេ។ កំនត់​ហេតុ​ល្អ​គួរ​មាន​ការ​ចាត់​តាំង​ត្រឹម​ត្រូវ​ថា​នឹង​សរសេរ​អំពី​ប្រធាន​បទ​ណា​មួយជា​ចំបង បើ​សមាជិក​មាន​ប្រធាន​បទ​ផ្សេងៗ​គ្នា នោះ​យើង​គួរ​ចែក​ជា​ក្រុម​តូចៗ​ថែម​ទៀត។ យើង​មិន​មែន​មិន​អាច​សរសេរ​ទំព័រ​មួយ​តែ​ម្នាក់​ឯង​បាន​នោះ​ទេ តែ​នេះ​ជា​ជំរើស​ដែល​គ្មាន​ប្រសិទ្ធភាព។ ការ​សរសេរ​កំនត់​ហេតុ​ជាក្រុម​ដោយ​ផ្ដោត​លើ​ប្រធាន​បទ​តូចៗ​មួយ​ដោយឡែក​ៗ​ពី​គ្នា នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាពិសេស​ពី​អ្នក​អាន អត្ថបទ​មាន​គុណភាព​​ថ្មី​ៗ​នឹង​ត្រូវ​បាន​បន្ថែម​ជា​ប្រចាំ​នៅ​លើ​ទំព័រ​កំនត់​ហេតុ ហើយ​អ្នក​ដែល​មាន​ជំនាញ​ក្នុង​ប្រធាន​បទ​នោះ​នឹង​មាន​ឱកាស​បង្ហាញ​ពី​ចំនេះ​ដឹង​របស់​ខ្លួនពិត​ប្រាកដ ជា​ជាង​សរសេរ​អត្ថបទ​ទូទៅ​ប៉ាតណា​ប៉ាតណី​ដូច​សព្វ​ថ្ងៃ​នេះ។

យើង​នៅ​ខ្វះ​ឯកសារ​ច្រើន​ណាស់​ជាភាសា​ខ្មែរ​នៅ​លើ​ប្រព័ន្ធ​ Internet។ ចន្លោះ​ទាំង​នេះ​នឹង​ត្រូវ​បំពេញ​ដោយ​យើង​ទាំង​អស់​គ្នា។ ទោះ​បី​យើង​មិន​មែន​ជា​អ្នក​ជំនាញ​ក្នុង​ផ្នែក​ណា​មួយ​ឱយ​ច្បាស់​លាស់​ក៏​ដោយ ការ​ចាប់​ផ្ដើម​របស់​យើង​នឹង​ក្លាយ​ជា​ចលករ​ជំរុញ​ឱយ​កូន​ខ្មែរ​ជំនាន់​ក្រោយ​រក​ឃើញ​កំហុស​ និង​កង្វះ​ខាត​ដែល​ត្រូវ​បំពេញ​បន្ថែម​នៅ​ថ្ងៃ​ក្រោយ​ទៀត។ ប្រធាន​បទ​ជាច្រើន​នឹង​ត្រូវ​លើក​យក​មក​អធិប្បាយ​នៅ​ថ្ងៃ​ក្រោយ​ បន្ទាប់​ពី​ខ្ញុំ​រៀប​ចំ​រួច។ ទន្ទឹម​នឹង​អ្នក​អ្នក​អាន​អាច​ផ្ដល់​យោបល់​​ថា​អ្នក​អាច​សរសេរ​បាន​​ក្នុង​ប្រធាន​បទ​អ្វី ខ្លឹមសារ​ត្រូវ​មាន​អ្វី​ខ្លះ ​ត្រូវ​ការ​សមាជិក​ប៉ុន្មាន​នាក់ ខ្ញុំ​រីក​រាយ​នឹង​ឆ្លើយ​តប​គំនិត​អ្នក​ជានិច្ច៕

Advertisements
បានចុះផ្សាយក្នុង កំនត់​ហេតុ. 1 Comment »

មួយចំលើយ to “រៀន​សរសេរ​កំនត់​ហេតុ​”

  1. Sky Says:

    ខ្ញុំយល់ស្របថានេះ វាជាគំនិតមួយដ៏ល្អ! ការសរសេរកំណត់ហេតុ វាជាការជំរុញមួយ ឲ្យយើងរៀនប្រើគំនិតខ្លួនឯង អាចបង្ហាញនូវអ្វីដែលយើងធ្លាប់ជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងភាពរីករាយ ទាំងភាពស្មុគស្មាញ…

    ឥឡួវនេះប្រសិនបើខ្ញុំចង់សរសេរកំនត់ហេតុដែរ ដោយបង្ហោះវា តាមប្រព័ន្ធ Internet ដែរ!​ តើខ្ញុំ ត្រូវធ្វើយ៉ាងម៉េចដែរទៅ?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: