កាកអំពៅជាឈ្មោះប៉ាកាដែលខ្ញុំប្រឌិតឡើងសំរាប់វត្តមានរបស់ខ្ញុំនៅក្នុងបណ្ដាញនេះ។ ដោយហេតុថាឈ្មោះពិតរបស់ខ្ញុំ មានអ្នកប្រើប្រាស់មុនរួចទៅហើយ មិនតិចជាងពីរនាក់ទេ ទើបខ្ញុំដាក់ឈ្មោះប៉ាកានេះឡើងកុំឱយច្រលំអ្នកជំនាន់មុន។
- ហេតុអ្វីខ្ញុំបង្កើតកំនត់ហេតុបណ្ដាញនេះឡើង?
មិនខុសពីអ្នកទើបចេះប្រើប្រាស់ Internet ថ្មីដទៃទៀតទេ គឺដោយសារឃើញមានអ្នកដទៃធ្វើអ្វីដែលគួរឱយចាប់អារម្មណ៍។ បន្ទាប់មក ខ្ញុំយល់ឃើញថា ខ្ញុំអាចសរសេរនូវអ្វីផ្សេងដែលមានលក្ខណៈប្លែកពីស្មេរមុនៗ ទោះបីជាខ្ញុំមិនមានទំលាប់ក្នុងការសរសេរអត្ថបទបានក្បោះក្បាយក៏ដោយ ជាពិសេសក្នុងការបញ្ចេញគំនិតផ្ទាល់ខ្លួនឱយអ្នកអានងាយស្ដាប់ ងាយយល់ ព្រោះរូបខ្ញុំម្នាក់នេះចេះតែយល់ថាខ្លួនមានលក្ខណៈចំលែកខុសពីអ្នកដទៃ ចូលមិនចុះក្នុងសង្គមមនុស្ស។ តែអ្វីដែលខ្ញុំទទួលបានពីចរិតស្ងប់ស្ងៀមរបស់ខ្ញុំ គឺគំនិតពិចារណាបានវែងឆ្ងាយ បើអ្នកចង់ដឹង ចូរសាកល្បងមិននិយាយស្ដីឱយបានពេញមួយថ្ងៃ អ្នកនឹងដឹងថាអ្នកអាចគ្រប់គ្រងខ្លួនឯងបានប៉ុណ្ណា។ - តើខ្ញុំនឹងសរសេរពីអ្វីខ្លះ?
មកទល់ពេលនេះ ខ្ញុំមិនទាន់មានការសំរេចចិត្តថានឹងសរសេរពីអ្វីនៅឡើយ គឺនឹកឃើញពីអ្វី សរសេរព្រាងគំនិតហ្នឹងភ្លាម តែពិបាកស្ដាប់បន្តិចព្រោះចរិតជាមនុស្សស្រលាញ់វិស័យបច្ចេកទេស មិនសូវចេះអធិប្បាយឱយបានក្បោះក្បាយច្រើន ឱយតែបានការបែងចែកគំនិតជាផ្នែកៗរួចហើយ គឺចាត់ទុកថាទទួលយកបានហើយ។ បើចង់បានអត្ថបទដែលពិរោះអានថែមទៀតអ្នកអាចស្វែងរកកំនត់ហេតុរបស់អ្នកនិពន្ធវ័យក្មេងប៉ុន្មានអ្នកដូចជា អាចម៍ផ្កាយ និង រចនាជាដើម ពួកគេចេះប្រើពាក្យពិរោះពិសារ។ ទៅថ្ងៃមុខខ្ញុំនឹងចាប់យកប្រធានបទណាតូចមួយមកសរសេរ ជៀសវាងសរសេរប៉ាតណាប៉ាតណីឥតប្រយោជន៍។ កំនត់ហេតុមួយទៀតដែលខ្ញុំបានបង្កើតឡើងមុននេះមានឈ្មោះថា កាកអំពៅ ជាសំនួររយជំពូកដែលផុសចេញពីខួរក្បាលខ្ញុំរាល់វិនាទីហើយមិនដឹងថាទៅសួរអ្នកណា មានតែកត់ទុកក្នុងកំនត់ហេតុនោះហើយ ទើបសង្ឃឹមថាមានអ្នកចូលរួមបកស្រាយចំងល់ខ្ញុំទាំងនេះ។ ទឿថ្ងៃមុខ ខ្ញុំសង្ឃឹមថាខ្ញុំអាចសរសេរអត្ថបទបន្ថែមទាក់ទងវិស័យបច្ចេកវិទ្យា និង វិទ្យាសាស្ត្រ។ - តើខ្ញុំត្រូវការអ្នកចូលរួមជាសមាជិកដែរឬទេ?
ពិតជាត្រូវការ! សំរាប់កំនត់ហេតុណាមួយដែលមានប្រធានបទប្រាកដប្រជា យើងត្រូវការសមាជិកច្រើននាក់ដើម្បីដំនើរការបានល្អ ឧទាហរណ៍ ទំព័រកាកអំពៅ ទំព័រស្ដីពីសៀវភៅអានលើបណ្ដាញ ទំព័រស្ដីពីបច្ចេកវិទ្យា ទំព័រស្ដីពីយុវអ្នកនិពន្ធខ្មែរ ទំព័រអត្ថបទចំរៀងខ្មែរឬបរទេស ទំព័ររូបថត …។ ប្រការសំខាន់ យើងត្រូវដឹងថាយើងបង្កើតឡើងក្នុងគោលបំនងអ្វី ហើយយើងត្រូវធ្វើដូចម្ដេចខ្លះដើម្បីសំរេចគោលបំនងរបស់យើង។ យើងឃើញថាមានកំនត់ហេតុជាច្រើនត្រូវបានបង្កើតឡើងក្នុងពេលប៉ុន្មានឆ្នាំនេះ ហើយរីកចំរើនជាខ្លាំងចាប់ពីពេលមានការប្រើប្រាស់ពុម្ពអក្សរខ្មែរជាទូទៅលើប្រព័ន្ធ Internet រួចមក តែកំនត់ហេតុភាគច្រើនមានលក្ខណៈឯកជនគ្រប់គ្រងដោយស្មេរតែម្នាក់ រីឯកំនត់ហេតុដែលមានជោគជ័យទាមទារនូវការចូលរួមពីសមាជិកច្រើនគ្នា។ សំរាប់ពេលនេះខ្ញុំចង់ដឹងថាយើងចង់អានពីអ្វីខ្លះ ចង់រៀនពីអ្វីខ្លះ និងចង់ចែកចាយអ្វីខ្លះដល់អ្នកអានផ្សេងទៀត។
អត្ថបទដែលខ្ញុំសរសេរទាំងនេះ ប្រហែលជាមិនអាចប្រៀបធៀបនឹងរៀមច្បងបានទេ ហើយសុទ្ធតែពោរពេញដោយកំហុសទៀតផង ខ្ញុំសូមស្វាគមរាល់ការរិះគន់ស្ថាបនាទាំងឡាយ ហើយនិងព្យាយាមកែប្រែឱយបានជាអត្ថបទដែលមានគុណភាពល្អបន្ថែមទៀត។
Advertisements
12/03/2009 ម៉ោង 5:44 ល្ងាច
រាល់សំណេរ ក្នុងកំណត់ហេតុ ឬ ប្លក របស់អ្នក, ធ្វើអោយដើមត្នោត ចាប់អារម្មណ៍ និងរៀនសូត្រតាម ព្រោះរាល់សំណេរ របស់អ្នក ប្រើប្រាស់ពាក្យខ្មែរសំរាយ ងាយយល់ មានខ្លឹមសារល្អ សមហេតុផល ប្រទាក់គ្នា ពីមួយឃ្លា ទៅមួយឃ្លា ធ្វើអោយអ្នកអាន យល់/ចងចាំបាន ខ្លឹមសារសំណេរ បន្ទាប់ពីអំណាន !!
ដើមត្នោតមួយ សូមសរសើរដោយស្មោះ រាល់បច្ចេកទេសសរសេរ របស់អ្នក ព្រោះដើមត្នោតមួយ កំរជួប សំណេរមានខ្លឹមសារល្អ ប្រាកដនិយម សមហេតុផល លើ WordPress ប្រហែលសំណេរ ក្នុងកំណត់ហេតុ ឬ ប្លក របស់អ្នក!!!
អរគុណ !