រៀន​សរសេរ​កំនត់​ហេតុ​

កំនត់​ហេតុ​បណ្ដាញ​ជា​ច្រើន​ត្រូវ​បាន​បង្កើត ទន្ទឹម​នឹង​ទំព័រ​ចាស់ៗ​ត្រូវ​បាន​ទុក​ចោល​ឥត​ប្រយោជន៍ ឬ ក៏​លុប​ចោល​ក៏​មាន។ សំរាប់​អ្នក​ចាប់​ផ្ដើម ការ​សរសេរ​កំនត់​ហេតុ​​គ្រាន់​តែ​ជា​ចំនង់​ចំនូល​ចិត្ត​​សំរាប់​បង្ហាញ​ខ្លួន​នៅ​លើ​ប្រព័ន្ធ​ Internet តែ​ប៉ុណ្ណោះ ឯ​អ្នក​មាន​បទ​ពិសោធន៍​យូរ​ហើយ គេ​សរសេរ​ដើម្បី​ទាក់​ទាញ​អ្នក​អាន​ឱយ​បាន​កាន់​តែ​ច្រើន ឬ ក៏​ស្វែង​រក​កេរ្ដិ៍​ឈ្មោះ​បន្ថែម​ក្រៅ​ម៉ោង​ធ្វើ​ការ ឬ ក៏​ក្រៅ​ជំនាញ​របស់​ខ្លួន​ផង​ដែរ។ ឯ​អ្នក​ពូកែ​មួយ​ក្រុម​ទៀត​ ការ​សរសេរ​អត្ថបទ​លែង​មាន​ការ​សំខាន់​សំរាប់​ទាក់​ទាញ​អ្នក​អាន ឬ ក៏​ផ្ដល់ការ​អប់​រំ​ក្រៅ​ប្រព័ន្ធ​ដល់​អ្នក​ទាំង​នោះ​ទៀត​ហើយ ព្រោះ​គេ​មើល​ឃើញ​ឱកាស​ក្នុង​ការ​ស្វែង​រកប្រាក់​ចំនូល​របស់​គេ។​ មាន​ទាំង​ផ្លូវ​ត្រង់ មាន​ទាំង​ផ្លូវ​វៀង និង ផ្លូវ​កាត់ មានទាំង​ផ្លូវ​គោក​ ទឹក​ អាកាស​ទៀត​ផង​ក៏​មិន​ដឹង។

ខ្ញុំ​ចាប់​សរសេរ​ក្នុង​សៀវភៅ​កំនត់​ហេតុ​ដំបូង​តាំង​ពី​ចប់​បឋម​សិក្សា តែ​ការ​រៀប​រាប់​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ពិត​ជា​មាន​ការ​ពិបាក​ខ្លាំង​ណាស់។ ម៉្យាង​ទៀត ភាព​ឯកជន​ក្នុង​គ្រួសារ ក្នុង​សង្គម​ខ្មែរ មិន​បាន​ទទួល​ការ​គាំទ្រ​ណាស់ណា​ទេ ក្រែង​លោ​ថ្ងៃ​ណា​មួយ​ នរណាមួយ រក​ឃើញ​សៀវភៅ​កំនត់​ហេតុ​ខ្ញុំ​នៅ​កន្លែង​ណា​មួយ​ គេ​ប្រហែល​មិន​ស្វែង​រក​ម្ចាស់​សៀវភៅ​ដើម្បី​ប្រគល់​ឱយ​វិញ​ទេ គឺ​ភាព​ចង់​ដឹង​ជំរុញ​ឱយ​រឹត​តែ​ចង់​ដឹង​លឺ​ថែម​ទៀត​ថា​មាន​អ្វី​ខ្លះ​នៅ​ក្នុង​ទំព័រ​សៀវភៅ។

ប្លែក​ដែរ ជាធម្មតា​កំនត់​ហេតុ​ប្រើ​សំរាប់​សរសេរ​ដោយ​ស្មេរ​ប៉ុន្មាន​នាក់​ ហើយ​អាន​ដោយ​អ្នក​អាន​ប៉ុន្មាននាក់​ប៉ុណ្ណោះ។ លុះ​ឥលូវ​ គេ​សរសេរ​កំនត់​ហេតុ​ដើម្បី​ឱយ​មាន​អ្នក​អាន​កាន់​តែ​ច្រើន​ គឺ​កាន់​តែ​ល្អ។​ ក្នុង​ចំនោម​កំនត់​ហេតុ​រាប់​រយ​ដែល​ខ្ញុំ​អាន​ប៉ុន្មាន​ឆ្នាំ​មក​នេះ មាន​តែ​ទំព័រ​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​អាច​ចាត់​ទុក​ថា​មាន​តំលៃ​គួរ​ចូលចិត្ត​ គួរ​ចង់​អាន មិន​មែន​រ៉ាយ​រ៉ាប់​ អួត​អាង​ពីនេះ​ពីនោះ​បន្ត​ពី​អ្នក​ដែល​រ៉ាយរ៉ាប់​អួត​អាង​ពីនេះ​ពី​នោះ​បន្ត​ពី​​ម្នាក់​ទៀត​ទេ។

កំនត់​ហេតុ​ភាគ​ច្រើន​សរសេរ​ដោយ​ម្នាក់​ឯង។ បើ​អ្នក​នោះ មាន​ឱកាស​នៅ​ជាប់​ Internet ពេញ​ម៉ោង គេ​ចង់​សរសេរ​ដប់​អត្ថបទ​ក្នុង​មួយ​ថ្ងៃ​ក៏​បាន ចង់​សរសេរ​ពេល​ណា​ក៏​បាន ឬ​សរសេរ​ពី​អ្វី​ក៏​បាន។ ឱយ​តែ​យើង​ឧស្សាហ៍​អាន​ ត្រលប់​ទៅ​ទំព័រ​នោះ​លើក​ណា​ក៏​មាន​អ្វី​ដែល​ថ្មីៗ​ជានិច្ច។ បើ​នៅ​ស្រុក​ខ្មែរ​វិញ អ្នក​ដែល​គេ​ហៅ​ថា​ល្បី​ក្នុង​ពិភព​ WordPress ឬ Blogger នោះ​មិន​សូវ​មាន​ប៉ុន្មាន​ទេ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូល​ Internet Cafe ខួរ​ក្បាល​ស្រលះ​អស់​រលីង ចង់​សរសេរ​ពី​អ្វី ក៏​នឹក​ឃើញ​តែ​សញ្ញា​សួរ លុះ​ចេញ​មក​ក្រៅវិញ​សំនួរ​ចាក់​ស្រេះ​រាប់​មិន​អស់​ចាប់​ផ្ដើម​ផុស​មក​វិញ​ជា​បន្ត​បន្ទាប់។ ដូច្នោះ​ហើយ​អ្នក​អាន​នឹង​មាន​ការ​ធុញ​ទ្រាន់ បើ​គេ​មក​មួយ​សប្ដាហ៍​ហើយ​ឃើញ​តែ​អត្ថបទ​ដដែល។ យក​ល្អ​ យើង​គួរ​កំនត់​កាលវិភាគ​ថា​ត្រូវ​សរសេរ​អត្ថបទ​ប៉ុន្មាន​ដង​ក្នុង​មួយ​សប្ដាហ៍ និង សរសេរ​ពី​អ្វី​ខ្លះរួច​ជា​ស្រេច​មុន​ចូល Internet Cafe។

ថ្វី​បើ​​យូនីកូដ​ខ្មែរ​ត្រូវ​បាន​បង្កើត​ហើយ​ក្ដី អ្នក​សរសេរ​កំនត់ហេតុ​ជា​ភាសា​ខ្មែរ​ភាគ​ច្រើន​មាន​លក្ខណៈ​ជា​កំនត់​ហេតុ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ អ្នក​ចេះ​ឆក់​ឱកាស ឬ ក៏​អ្នក​ពូកែ​រក​ស៊ី គេ​សរសេរ (ឬភាគ​ច្រើន​គេ​ចំលង) អត្ថបទ​ភាសា​អង់គ្លេស​ពី​ទំព័រ​ដទៃ (ភាគ​ច្រើន​ជាពត៌មាន) ដាក់​ក្នុង​ទំព័រ​របស់​គេ​ហើយ​ដាក់​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្មសំរាប់​រក​លុយ។ យើង​កំពុង​អាន​អត្ថបទ​ដែល​ចំលង​ពី​ឯកសារ​គេ​តែ​ប៉ុណ្ណោះ។ សរុប​មក​ ខ្មែរ​សរសេរ​អង់​គ្លេស​ឱយ​ខ្មែរ​អាន។ ចុះ​សរសេរ​ជា​ភាសា​ខ្មែរ​ថោក​ណាស់​ទៅ​ឬ? ទេ​មិន​ថោក​ទេ តែ​វា​គ្មាន​ប្រយោជន៍ ព្រោះ​រក​លុយ​មិន​បាន។

ខ្ញុំ​ចង់​ជំរុញ​ឱយ​ស្មេរ​ទាំង​អស់​ទទួល​ជោគ​ជ័យ​ក្នុង​ការ​សរសេរ​កំនត់​ហេតុ​របស់​ខ្លួន ជាជាង​ចំនាយ​ពេល​ឥត​ប្រយោជន៍ សំរាប់​ការ​ងារ​ឥត​ប្រយោជន៍ ដើម្បី​មនុស្ស​ឥត​ប្រយោជន៍​នោះទេ។ កំនត់​ហេតុ​ល្អ​គួរ​មាន​ការ​ចាត់​តាំង​ត្រឹម​ត្រូវ​ថា​នឹង​សរសេរ​អំពី​ប្រធាន​បទ​ណា​មួយជា​ចំបង បើ​សមាជិក​មាន​ប្រធាន​បទ​ផ្សេងៗ​គ្នា នោះ​យើង​គួរ​ចែក​ជា​ក្រុម​តូចៗ​ថែម​ទៀត។ យើង​មិន​មែន​មិន​អាច​សរសេរ​ទំព័រ​មួយ​តែ​ម្នាក់​ឯង​បាន​នោះ​ទេ តែ​នេះ​ជា​ជំរើស​ដែល​គ្មាន​ប្រសិទ្ធភាព។ ការ​សរសេរ​កំនត់​ហេតុ​ជាក្រុម​ដោយ​ផ្ដោត​លើ​ប្រធាន​បទ​តូចៗ​មួយ​ដោយឡែក​ៗ​ពី​គ្នា នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជាពិសេស​ពី​អ្នក​អាន អត្ថបទ​មាន​គុណភាព​​ថ្មី​ៗ​នឹង​ត្រូវ​បាន​បន្ថែម​ជា​ប្រចាំ​នៅ​លើ​ទំព័រ​កំនត់​ហេតុ ហើយ​អ្នក​ដែល​មាន​ជំនាញ​ក្នុង​ប្រធាន​បទ​នោះ​នឹង​មាន​ឱកាស​បង្ហាញ​ពី​ចំនេះ​ដឹង​របស់​ខ្លួនពិត​ប្រាកដ ជា​ជាង​សរសេរ​អត្ថបទ​ទូទៅ​ប៉ាតណា​ប៉ាតណី​ដូច​សព្វ​ថ្ងៃ​នេះ។

យើង​នៅ​ខ្វះ​ឯកសារ​ច្រើន​ណាស់​ជាភាសា​ខ្មែរ​នៅ​លើ​ប្រព័ន្ធ​ Internet។ ចន្លោះ​ទាំង​នេះ​នឹង​ត្រូវ​បំពេញ​ដោយ​យើង​ទាំង​អស់​គ្នា។ ទោះ​បី​យើង​មិន​មែន​ជា​អ្នក​ជំនាញ​ក្នុង​ផ្នែក​ណា​មួយ​ឱយ​ច្បាស់​លាស់​ក៏​ដោយ ការ​ចាប់​ផ្ដើម​របស់​យើង​នឹង​ក្លាយ​ជា​ចលករ​ជំរុញ​ឱយ​កូន​ខ្មែរ​ជំនាន់​ក្រោយ​រក​ឃើញ​កំហុស​ និង​កង្វះ​ខាត​ដែល​ត្រូវ​បំពេញ​បន្ថែម​នៅ​ថ្ងៃ​ក្រោយ​ទៀត។ ប្រធាន​បទ​ជាច្រើន​នឹង​ត្រូវ​លើក​យក​មក​អធិប្បាយ​នៅ​ថ្ងៃ​ក្រោយ​ បន្ទាប់​ពី​ខ្ញុំ​រៀប​ចំ​រួច។ ទន្ទឹម​នឹង​អ្នក​អ្នក​អាន​អាច​ផ្ដល់​យោបល់​​ថា​អ្នក​អាច​សរសេរ​បាន​​ក្នុង​ប្រធាន​បទ​អ្វី ខ្លឹមសារ​ត្រូវ​មាន​អ្វី​ខ្លះ ​ត្រូវ​ការ​សមាជិក​ប៉ុន្មាន​នាក់ ខ្ញុំ​រីក​រាយ​នឹង​ឆ្លើយ​តប​គំនិត​អ្នក​ជានិច្ច៕

Advertisements
បានចុះផ្សាយក្នុង កំនត់​ហេតុ. 1 Comment »

លំហាត់​ប្រាណ​នៅ​ស្តាត​អូឡាំពិច

ជា​រៀង​រាល់​ថ្ងៃ ខ្មែរ​និង​បរទេស​មិន​តិច​ទេ​ដែល​មក​ណាត់​ជួប​គ្នា​នៅ​ក្នុង​ទីលាន​ស្តាត​អូឡាំពិច ដើម្បី​ទាំង​ហាត់​ប្រាណ​ផង ឬក៏​មក​មើល​អ្នក​ហាត់​ប្រាណ​ផង (ក្នុង​នោះ​ប្រហែល​ជា​មាន​ខ្ញុំ​ដែរ​ក៏​មិន​ដឹង)។ នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​ដាក់​បាល់​ទាត់​លើ​ទី​ធ្លា​កំរាល​ស៊ីម៉ង់​ដែល​មិន​មែន​ជា​ទី​ធ្លា​សំរាប់​លេង​បាល់​​ផង​នោះ យើង​តែង​តែ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «តើ​យើង​លេង​ដើម្បី​ជីវភាព ឬ ដើម្បី​សុខភាព?» ទោះ​បី​ជា​ម្នាក់ៗ​បាន​ដឹង​ចំលើយ​រួច​ស្រេច​ទៅ​ហើយ​នោះ។ ទាំង​នេះ​ជា​ទិដ្ឋភាព​មួយ​ផ្នែក​តូច​ដែល​ខ្ញុំ​បាន​មើល​ឃើញ ឯ​រូបភាព​ធំដុំ​ជុំវិញ​កីឡាដ្ឋាន​នេះ​វិញ​ ខ្ញុំ​ក៏​មិន​ហ៊ាន​សន្មត​ថា​យ៉ាង​ណា​ដែរ​ ត្បិត​ខ្ញុំ​មាន​ភ្នែក​តែ​ពីរប៉ុណ្ណោះ។

រូប​ភាព​ដំបូង​ដែល​ខ្ញុំ​ភ្ញាក់​ផ្អើលនោះ គឺ​ដី​ស្តាត​ដ៏​ធំល្វឹង​ល្វើយត្រូវ​បាន​កាត់​ពី​លិច​ ពី​កើត​ ពី​ជើង​ ពី​ត្បូង យ៉ាង​ច្រើន​គួរ​សម​ល្ម​ម​ធ្វើ​សេដ្ឋី​នៅ​ស្រុក​ខ្មែរ​បាន​ដែរ ឯ​អ្នក​មក​ហាត់​ប្រាណ​ត្រូវ​ប្រជ្រៀត​គ្នា​នៅ​ក្នុង​ស្តាត​រាប់​រយ​នាក់។ គ្រាន់​បើ​ដែរ​ដែល​គេ​កាត់​ដី​ស្តាត​លក់​ធ្វើ​អ្នក​មាន នេះ​បើ​ទៅ​ថ្ងៃ​មុខ​គេ​កាត់​ដី​សាលារៀន ដី​វត្ត​អារាម​ធ្វើ​ជា​ផ្ទះ​ល្វែង​​ដោយ​លើក​មូលហេតុ​ថា​ជា​ការ​អភិវឌ្ឍតំបន់​សេដ្ឋកិច្ច​នោះ​ កូន​ចៅ​យើង​ប្រហែល​ជា​អស់​សាលា​រៀន​សូត្រ អស់​ទី​សំនាក់​សំរាប់​ព្រះ​សង្ឃ​និង​គោរព​បូជា​ព្រះ​ពុទ្ធ​សាសនា​ហើយ។ សំរាប់​អ្នក​ទាំង​នោះ​ប្រហែល​ជា​គ្មាន​បញ្ហា​ទេ ព្រោះ​គេ​បញ្ជូន​កូនចៅ​គេ​រៀន​សុទ្ធ​តែ​នៅសាលា​ឯកជន​ថ្លៃៗ​ ប្រកប​ដោយ​គ្រូ​ល្អៗ លុះ​ចប់ ឬ ក៏​មិន​ទាន់​ចប់​ផង គេ​បញ្ជូនទៅ​រៀន​នៅ​បរទេស​ថែម​ទៀត​ទោះ​ជា​តំលៃ​សិក្សា​ខ្ពស់​យ៉ាង​ណា​ក៏​មិន​មាន​បញ្ហា​ប៉ុន​ក្រចក​ដៃ​គេ​ដែរ ព្រោះ​គេ​យល់​ថា​សាលា​ស្រុក​ខ្មែរ​វា​មិន​ខ្មោច កូន​ចៅ​គេ​រៀន​​ចប់​ក្នុង​ប្រទេស​កសិកម្ម​បាន​ត្រឹម​តែ​តែ​កាប់​គាស់​ដី​បែក​ក្រហែង​តែ​ប៉ុណ្ណោះ។ នេះ​ជា​ការ​យល់​ខុស​មួយ​យ៉ាង​ធ្ងន់​ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​ក្រើន​រំលឹក​ខ្លួន​ឡើង​វិញ។  បើ​ទោះ​ជា​មេអំបៅ​ពណ៌​ល្អ​ស្រស់​ស្អាត​យ៉ាង​ណា វា​មិន​អាច​​រំលង​ជីវិត​រស់​នៅ​ជា​​សត្វ​ដង្កូវ​បាន​ឡើយ។

បើ​យើង​ចូល​ទៅ​ហាត់​ប្រាណ​នៅ​ក្នុង​ស្តាត​រាល់​ថ្ងៃ យើង​ត្រូវ​ត្រៀម​ប្រាក់​ទុក​បង់​ឱយ​គេ​បើ​មិន​ផ្ញើ​កង់​ម៉ូតូ​នៅ​កន្លែង​ផ្ញើ ក៏​ត្រូវ​សែន​ឱយ​ឆ្មាំ​យាម​ទ្វារម្ដង ១០០០​រៀល​ដែរ។ ទំនង​ដែរ !… ចុះ​ស្តាត​ហ្នឹង​ជា​កម្ម​សិទ្ធិ​​របស់​លោក ឬ លោក​ស្រី​មួយ​ណា? គាត់​សង់​ស្តាត​ហ្នឹង​ពី​អង្កាល់? បាន​ជា​​ឱយ​ប្រជា​ជន​បង់​ថ្លៃ​ចូល​ហាត់​ប្រាណ​ដែរ​នោះ។ បើ​តាម​ផ្សារ​ទំនើប ភោជនីយដ្ឋាន បណ្ណាគា​ផ្សេងៗ គេ​មាន​តែ​លើក​ទឹក​ចិត្ត​ឱយ​ចូល​កន្លែង​គេ​ទៀតផង ដោយ​មិន​បាច់​បង់​ប្រាក់​ចំនត​ឬ​យក​ថ្លៃ​តិច​តួច​ប៉ុណ្ណោះ លុះ​អតិថិជន​ឃើញ​ថា​សេវាកម្ម​គេ​ល្អ គេ​ក៏​ផ្ដល់​កំរៃ​ក្រៅ​ដោយ​សមាន​ចិត្តតែ​ប៉ុណ្ណោះ។ ឯ​ស្តាត​អូឡាំ​ពិច​វិញ ទី​តាំង​ក៏​ចំ​កណ្ដាល​ក្រុង មនុស្ស​ចូល​រាល់​ថ្ងៃ មិន​ប្រកាន់​ថ្ងៃ​ឈប់​សំរាក សេវាកម្ម​គឺ​គ្មាន​អ្វី​ទាល់​តែ​សោះ ដី​ស្តាត​មាន​ស្រាប់​តាំង​ពី​ជំនាន់​ជីតា​ខ្ញុំ ម៉េច​ក៏​គេ​ហ៊ាន​ទារ​ប្រាក់​ផ្ញើម៉ូតូ​ដល់​ទៅ​ ១០០០​រៀល? តំលៃ​នេះ​មិន​ច្រើន​ទេ​សំរាប់​យើង​ម្នាក់ៗ តែ​ក៏​មិន​តិច​ដែរ​បើ​ធៀប​ទៅ​នឹង​តំលៃ​ផ្ញើ​នៅ​ខាង​ក្រៅ បើ​ធៀប​ទៅ​នឹង​ចំនួន​មនុស្ស​ចេញ​ចូល​ស្តាត​រាល់​ថ្ងៃ បើ​ធៀប​ទៅ នឹង​ចំនួន​ឆ្មាំ​ស្តាត​ទាំង​ប៉ុន្មាន​នាក់​នោះ ឬ ក៏​បើ​ធៀប​ផ្ទាល់​ទៅ​នឹងសេវាកម្ម​នៅ​ក្នុង​ស្តាត​នោះ។ ដី​ស្តាត​ជា​ដី​រដ្ឋ​ ជា​សម្បត្តិ​រាស្ត្រ​សោះ ហេតុ​អ្វី​ក៏​គេ​ហ៊ាន​ដាក់​ខ្សែ​មួយ​សរសៃ​យក​លុយ​យ៉ាង​ព្រងើយ​បែប​នេះ​ទៅ​វិញ។

កាល​មុន គេ​យក​ថ្លៃ​ផ្ញើ​ម៉ូតូ​មួយ ៥០០​រៀល បើ​ចង់​ជិះ​ចូល​ក្នុង ក៏​ត្រូវ​បង់​៥០០​រៀល​ដែរ។ លុះ​ក្រោយ​មក​មាន​អ្នក​ខឹង​សម្បារ​ថា​បាត់​ម៉ូតូ​គេ​ក្នុង​ស្តាត គេ​ក៏​​តំរូវ​ឱយ​ម៉ូតូ​ទាំង​អស់​ផ្ញើ​នៅ​មាត់​ទ្វារ​ហើយ​ដើរ​ចូល។ មិន​បាន​ប៉ុន្មាន គេ​បើក​ឱយ​ចូល​ដដែល​ តែ​គេ​យក​ប្រាក់​១០០០​រៀល បើ​ផ្ញើ​ក៏​១០០០រៀល​ដូច​តែ​គ្នា។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ តាម​សំដី​អ្នក​លក់​ដូរ​ក្នុង​ស្តាត​បាន​ប្រាប់​ថា អ្នក​លេង​ទឹក​ភ្លៀង​​ដែល​បាន​ជិះ​ម៉ូតូ​ចូល ហើយ​ទុក​ប្រហែស ត្រូវ​បាន​គេ​កាច់​ក​លួច​យក​ម៉ូតូ​ទៅ​បាត់។ អ្នក​នោះ​ក៏​ទៅ​ប្ដឹង​ថ្នាក់​លើ (ថ្នាក់​លើ​​ដល់​ថ្នាក់​ណា​ទៅ?) ថ្នាក់​លើ​ក៏​បញ្ជា​ឱយ​ឈប់​បើក​ឱយ​ម៉ូតូ​ចូល។ មួយ​ដំបរ​និង​បួន​គឺ​ដូច​តែ​គ្នា។ អ្នក​ខ្លាច​អំនាច​គេ​ត្រូវ​ទុក​ម៉ូតូ​ផ្ញើ​នៅ​មាត់​ទ្វារ ឯ​អ្នក​គ្រាន់​បើ​ជិះ​ម៉ូតូ​ចូល​ទាល់​តែ​ដល់​ក្នុង​បន្ទប់​ទឹក​ក៏​គ្មាន​បញ្ហា។ ម៉ូតូ​នៅ​តែ​មាន​ចត​ប្រសេច​ប្រសាច​ក្នុង​ដី​ស្តាត​ដដែល មិន​មែន​ជា​យាន​ជំនិះ​របស់​អ្នក​លក់​ដូរ​ទេ នោះ​ជា​ម៉ូតូ របស់​អ្នក​ដែល​មក​លេង​កីឡា​ដូច​យើង​ធម្មតា​ដែរ។ មិន​ដឹង​ដែរ ចុះ​បើ​គេ​បើក​ឱយ​ចូល​វិញ​ហើយ​យក​លុយ​មួយ​ជាពីរ​ដូច​មុនទៀត យើង​នឹង​ត្រូវ​បង់ដល់ ២០០០​រៀល​ហើយ។ អស្ចារ្យ!… ថ្នាក់​លើ​ចេះ​បញ្ជា​រ​ឱយ​​ថ្នាក់​ក្រោម​បិទ​មិន​ឱយម៉ូតូ​ចូល ចុះ​​តំលៃ​ដែល​គេ​កំនត់​ឱយ​យើង​បង់​ប៉ុណ្ណេះ​ ប៉ុណ្ណោះ តើ​ថ្នាក់​មួយ​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ ថ្នាក់​ណា​ជា​អ្នក​សំរេច ហើយ​ថ្នាក់ណា​ជា​អ្នក​​​ចាំ​ស៊ីចុក។ នេះ​មិន​ទាន់​ដឹង​ថា​អ្នក​ចេញ​ចូល​ហាត់​ប្រាណ​រាល់​ថ្ងៃ​មាន​ថ្នាក់​ណា​ខ្លះដែរ ឬ ក៏​ថ្នាក់​ទាំង​ប៉ុន្មាន​នោះ​បាន​ដឹង​ឮ​រឿង​នេះ​ឬ​ទេ។ ត្រង់​ម៉ូតូ​បាត់​នោះ វា​ហាក់​ដូច​ជា​គ្មាន​អ្វី​ពាក់​ព័ន្ធ​គ្នា​សោះ ត្បិត​គេ​មាន​​កន្លែង​ឱយ​ផ្ញើ​ហើយ​យើង​នៅ​តែ​ចចេស​ចង់​ចូល​ទៀត ដល់​បាត់​តាំង​រក​រឿង​ខឹង​សំបារ​នឹង​គេ ច្បាប់​ព្រៃ​ក៏​មិន​បាន​ចែង​ដូច​នោះ​ដែរ។

ស្ថាប័ន​ពាក់​ព័ន្ធ គួរ​ផ្ដល់​ដំនោះ​ស្រាយ​សម​ស្រប​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​សង​ខាង យើង​មិន​រារែក​​បង់​ប្រាក់​ដើម្បី​ចូល​លេង​ក្នុង​កីឡា​ដ្ឋាន តែ​ត្រូវ​ដឹង​ថា​នេះ​ជា​វិភាគ​ទាន​សំរាប់​ផ្នែក​មួយ​ណា។ ការ​ហាម​ឃាត់​គួរ​តែ​អនុវត្ត​សំរាប់​គ្រប់​គ្នា បើ​បិទ​ម៉ូតូ​មិន​ឱយ​ចូល ឆ្មាំ​ទ្វារ​គួ​រ​បិទ​ទាំង​អស់។ បើ​មាន​អ្នក​រឹង​ក្បាល​ចង់​យក​ជិះ​ចូល ក៏​ចូល​ទៅ បាត់​ក៏​បាត់​ទៅ ព្រោះ​យើង​បាន​ហាម​ឃាត់ បាន​ដឹង​ឮ​គ្រប់​ៗ​គ្នា​ហើយ។

P.S. លេង​ទឹក​ភ្លៀង, កន្ទុយ​លេខ, ភ្នាល់​បាល់ សុទ្ធ​តែ​ជា​ល្បែង​ស៊ីសង បើ​ជៀស​ឱយ​ឆ្ងាយ​បាន​យើង​ក៏​មិន​គួរ​សសៀរ​ទៅ​ជិត​ដែរ។ បើ​បិទ​កុំ​ឱយ​មាន​ល្បែង​ទាំង​នេះ​បាន​គឺ​រឹត​តែ​អស្ចារ្យ តែ​ខ្ញុំ​នៅ​តែ​ឃើញ​ជា​ញឹក​ញយ​គេ​កាន់​ក្រដាស​ភ្នាល់​បាល់​បង្ហាញ​គ្នា​​មក​ទល់​ពេល​នេះ ទោះ​បី​ជា​រដ្ឋា​ភិបាល​បាន​ប្រកាស​ឱយ​​បញ្ឈប់​ដាច់​ខាត​ហើយ​នោះ។

បានចុះផ្សាយក្នុង កីឡា. 1 Comment »

ចរាចរណ៍​សំរាប់​យើង​ទាំង​អស់​គ្នា

ខ្ញុំ​មិន​ដឹង​ជា​មើលត្រង់​កន្លៀត​ណា​ឱយ​​ច្បាស់​ទេ ដែល​យើង​ចេះ​តែ​សរសើ​រ​ខ្លួន​ឯង​ថា​​ពូជ​ខ្មែរ​សុភាពរាប​សារ រម្យទម ថ្លៃ​ថ្នូរ​ ចេះ​គួរ​សម ឬ ក៏​ពាក្យ​សទិសន័យ​ផ្សេង​ទៀត​ដែល​មិន​មែន​ជា​ការ​បង្អាប់​ខ្លួន​​ឯង។ ខ្ញុំ​ចេះ​តែ​មើល​ឃើញ​ថា ចរាចរណ៍​លើ​ទ្រូង​ផ្លូវ​នៅ​​រាជធានី​ភ្នំពេញ​សព្វ​ថ្ងៃ​កាន់​តែ​មាន​ភាព​អនាធិបតេយ្យ​យ៉ាង​គគ្រឹក​គគ្រេង គឺ​អ្នក​ចេះ​ក៏​ដូច​ជា​ពាល ឯ​ពាល​ទៀត​សោត​កាន់​តែ​បាត​ផ្សារ​​ដូច​ជា​ប្រទេសច្បាប់ ឬ ក៏​និយាយ​ឱយ​ងាយ គ្រួសារ​គ្មាន​ម៉ែ​ឪ​​ចាស់​ទុំ​ប្រដៅ។

ការ​បង្កើត​កំនត់​ហេតុ​បណ្ដាញ​កាន់​តែ​កើន​ឡើង​ជា​លំដាប់ តែ​គួរ​ឱយ​ស្ដាយ​ដោយ​ខ្ញុំ​​​មិន​មាន​ម៉ាស៊ីន​ថត​រូប  បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​បង្កើត​កំនត់​ហេតុ​បណ្ដាញ​មួយ​ទៀត​សំរាប់​ដាក់​រូប​ភាព​ប្លែកៗ​នៅ​លើ​ទ្រូង​ផ្លូវ​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ។ រូប​ភាព​ទាំង​នោះ​មិន​ពិបាក​ស្វែង​រក​ទេ យើង​គ្រាន់​តែ​ចាំ​នៅ​ចំនុច​ផ្លូវ​បំបែក​តែ​ ៥​ នា​ទី យើង​នឹង​ឃើញ​រថយន្ត​ ម៉ូតូ​បើក​បន្ត​កន្ទុយ​គ្នា​យ៉ាង​ងងើល​ឆ្លង​កាត់​ភ្លើង​ក្រហម ជា​ពិសេស​អស់​លោក​មួយ​ចំនួន​ដែល​ពាក់​ផ្លាក ខេមរភូមិន្ទ និង នគរបាល ទោះ​បី​ជាពួក​គេ​មិន​មាន​ការ​បន្ទាន់​អ្វី​ក៏​ដោយ។ ​ជួន​កាល​យើង​ឃើញ​ រថយន្ត​ Lexus, Land Rover, ឬ ឆ្លាម​ មួយ​ឬ​ពីរ សរសៀរ​បញ្ច្រាស​ផ្លូវ​ទាំង​ទទឹង​ទិស​មុន​នឹង​គេ​ឆ្លង​ផ្លូវ​ទៅ​ម្ខាង​ទៀត មិន​ដឹង​ថា​សាលា​បង្រៀន​បើក​បរ​ណា​បង្ហាត់​គេ​ដូច្នេះ មិន​ដឹង​ថា​អ្នក​ណា​ដែល​ចេញ​ប័ណ្ណ​បើក​បរ​ឱយ​អ្នក​ទាំង​នោះ។​ មិន​ត្រឹម​តែ​ច្បាប់​ចរាចរណ៍​​ទេ​ដែល​គេ​មិន​គោរព សូម្បី​តែ​សីលធម៌​ក្នុង​ខ្លួន​បន្តិច​ក៏​គ្មាន​ដែរ មិន​សម​នឹង​ឋានៈ សំលៀក​បំពាក់​ជា​អ្នក​ខ្ពង់​ខ្ពស់​សោះ។

សំនួរ​មួយ​ដែល​យើង​ប្រហែល​ជា​ធ្លាប់​សួរ​ខ្លួន​ឯង​រួច​មក​ហើយ «តើ​ហេតុ​អ្វី​បាន​ជា​ប្រជាជន​មិន​គោរព​ប៉ូលីស​ចរាចរណ៍​បន្តិច​ណា​សោះ?» ព្រោះ​នៅ​ពេល​ដែល​គេ​ណែ​នាំ​ទូទាំង​ប្រទេស​ឱយ​​ពាក់​មួក​ការ​ពារ ​ឬ ដាក់​កញ្ចក់​ម៉ូតូ​ អ្នក​ទាំង​នោះ​ធ្វើ​ហាក់​ដូច​ជា​គ្មាន​បាន​ដឹង​ឮ​បន្តិច​ណា​សោះ នៅ​ពេល​ដែល​ប៉ូលីស​ចរាចរណ៍​កាក់​ផាក​ពិន័យ​តាម​ផ្លូវ គេ​ស្ទើរ​តែ​នឹង​ជិះ​បុក​ប៉ូលីស​ទាំង​រស់ ឬ ក៏ ជជែក​តវ៉ា​យក​ឈ្នះ​ចាញ់ឱយ​ខាន​តែ​បាន។ អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ គឺ​ដោយ​សារ​តែ​ច្បាប់​កំ​នត់​ហើយ​យើង​​មិន​បាន​អនុវត្ត​ឱយ​បាន​ត្រឹម​ត្រូវ។ ប៉ូលីស​ផាក​​កំនត់​តំលៃ​តាម​ចិត្ត​ដូច​អ្នក​លក់​បន្លែ ប៉ូលីស​​ខ្លះ​សំដី​ក្អេង​ក្អាង​មិន​សម​ជា​អ្នក​កាន់​ច្បាប់ ជួន​កាល​គេ​កាក់​មើល​តាម​មុខមាត់​អ្នក​បើក​បរ បើ​ផ្លាក ខ.ម ឬ ន.ប ឬ រថយន្ត​ទំនើបៗ គេ​ឱយ​ទៅ​ ឱយ​មក​តាម​ក្បាល​ចិត្ត​គេ តែ​ចំពោះ​អ្នក​រត់​ម៉ូតូ​ឌុប ឬ អ្នក​មក​ពី​ខេត្ត​ ខោ​មិន​ខោ អាវ​មិន​អាវ ប៉ូលីស​ទាំង​នោះ​ព័ទ្ធ​ស៊ី​តែ​ម្ដង។ កុំ​ថា​ឡើង​តែ​ក្មេង​ស្ទាវ សូម្បី​តែ​រូប​ខ្ញុំ បើ​មាន​ផ្លូវ​កន្លុក​កន្លៀត​ណា​ទៅ​រួច ទោះ​បី​ជា​ខ្ញុំ​មាន​មួក មាន​កញ្ចក់​ត្រឹម​ត្រូវ​ហើយ​ក៏​ដោយ ក៏ ខ្ញុំ​មិន​ខ្ចី​ទៅ​ជិះ​កាត់​មុខ​ប៉ូលីស​ចរាចរណ៍​នាំ​ឱយ​ស៊យ​ទាំង​ព្រឹក​នោះ​ដែរ។

បំនង​ល្អ​មួយ​ទៀត​ដែល​ខ្ញុំ​សូម​ស្នើ​ដល់​អ្នក​​បញ្ជា​រ​យាន​យន្ត​ទាំង​អស់​គ្នា បើ​យើង​គោរព​ច្បាប់​មិន​បាន​ខ្ជាប់​ខ្ជួន ក៏​សូម​យក​សីលធម៌​ដាក់​ខ្លួន​ផង​ដែរ។ ជា​រឿយៗ យើង​ឃើញ​មាន​ម៉ូតូ​ធុន​ទំនើប​ជិះ​កាត់​មុខ​​ស៊ី​ក្លូ​យ៉ាង​ក្លាហាន ឯ​តា​ស៊ីក្លូ​ត្រូវ​បង្ខំ​ចិត្ត​ទាញ​ប្រាំង​​ថយ​ក្រោយបញ្ឈប់​​យ៉ាង​ទាន់​ហន់​​ទោះ​បី​គាន់​មិន​មាន​ប្រាំង​បូម​ក៏​ដោយ ហើយ​ទំលាក់​ខ្លួន​ចុះ​មក​ដី​ដើម្បី​បណ្ដើរ​​ដោយ​កំលាំង​បាយ​ ហូរ​ញើស​សស្រាក់​ទៅ​វិញ ខុស​ពី​យើង​ដែល​ប្រើ​ម៉ាស៊ីន​ចង់​ទៅ​មុខ​ ចង់​ទៅ​ក្រោយ​បាន​តាម​ចិត្ត​ដោយ​គ្រាន់​តែ​កាច់​ចង្កឹះ​លេខ​តែ​បន្តិច។ មួយ​វិញ​ទៀត យើង​ប្រហែល​ជា​ពិបាក​គេច​ផុត​ណាស់​នៅ​លើ​ផ្លូវ​ធំ​មួយ​ចំនួន គេ​ចត​ឡាន​ចូល​មក​ក្នុង​ទ្រូង​ផ្លូវ​រហូត​ដល់​ទៅ​បី​ជួរ ចង់​នរណា​ៗ​ស្ទះ យឺត​ដំនើរ​ ក៏​គេ​មិន​ខ្ចី​ឈឺ​ក្បាល​ដែរ។ ចំនត​នៅ​តាម​ផ្លូវ​កែង​មួយ​ចំនួន​ក៏​ជា​​បញ្ហា​ចំបង​ដែល​បណ្ដាល​ឱយ​ចរាចរណ៍​នៅ​ភ្នំពេញ​កក​ស្ទះ​ជា​រៀង​រាល់​ថ្ងៃ​ដែរ។

សកម្មភាព​​អនាធិបតេយ្យ​បែប​នេះ មិន​បាន​ស្ថិត​នៅ​មួយ​កន្លែង​នោះ​ទេ។ វា​បាន​ធ្វើ​ឱយ​កូន​ខ្មែរ​ជំនាន់​ក្រោយ​កែ​ប្រែ​អត្តចរិក​បន្តិច​ម្ដងៗ​ដោយ​មិន​ដឹង​ខ្លួន គឺ​មិន​បាន​ឈាន​ទៅ​រក​ភាព​ល្អ​ប្រសើរ​ទេ តែ​បែ​រ​ជា​ធ្លាក់​ទៅ​រក​ភាព​អវិជ្ជា​​ អសីលធម៌​យ៉ាង​ងងប់​ងងល់ ដោយ​សារ​តែ​អ្នក​គ្រាន់​បើ​មួយ​ចំនួន​ហើយ មួយ​ចំនួន​ទៀត ផ្ដល់​គំរូ​ពាល​ឱយ​ពួក​គេ។ យើង​សង្ឃឹម​ថា​ ការ​កែប្រែ​ចាប់​ផ្ដើម​ពី​បុគ្គល​នី​មួយៗ បើ​យើង​អាច​គ្រប់​គ្រង​ខ្លួន​យើង​បាន នោះ​យើង​ក៏​មាន​ទឹក​ចិត្ត​ក្នុង​ការ​ជួយ​ណែនាំ​អ្នក​នៅ​ជិត​ខ្លួន​ផង​ដែរ។ សូម​ជូន​ពរ​អ្នក​ធ្វើ​ដំនើរ​លើ​ទ្រូង​ផ្លូវ​ប្រកប​ដោយ​សុវត្ថិភាព។

បានចុះផ្សាយក្នុង ចរាចរ, យុវវ័យ, សង្គម​កិច្ច. Leave a Comment »

ការ​សរសេរ​កំនត់​ហេតុ​ឱយ​បាន​ល្អ

ការ​បង្កើត​កំនត់​ហេតុ​លើ​បណ្ដាញ​​ច្រើន​រាប់​មិន​អស់​មក​ហើយ​នេះ យើង​គួរ​ដឹង​ថា​​​ទោះ​បី​ជា​អត្ថបទ​របស់​យើង​ជា​កំនត់​ត្រា​ផ្ទាល់​ខ្លួន​ក៏​ដោយ ក៏​សំនេរ​ទាំង​នេះ​នឹង​ក្លាយ​ជា​ឯកសារ​យោង​ ជា​គំនិត​ពិចារណា​របស់​អ្នក​អាន​ក្នុង​ពេល​ណា​មួយ។ ការ​ប្រើ​ពាក្យ​មិន​សម​រម្យ ឬ ក៏​ភា​សារ​និយាយ​ច្រើន​ពេក នឹង​បណ្ដាល​ឱយ​កំនត់​ហេតុ​របស់​យើង​ក្លាយ​ជា​វេទិការ​តៀម​កាហ្វេ​សំរាប់​ប្រាជ្ញ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ​រហូត​ដល់​​យើង​មិន​ដឹង​ថា​អ្នក​សរសេរ​ចង់​និយាយ​ពី​អ្វី ឬ អ្នក​អាន​កំពុង​ជជែក​ដើម្បី​អ្វី​ដែរ។ តើ​យើង​បង្កើត​កំនត់​ហេតុ​បណ្ដាញ​​ដោយ​សារ​តែ​ឃើញ​គេសរសេរ​ដែរ? ឬ ក៏​គ្រាន់​តែ​បំពេញ​ចន្លោះ​នៅ​សល់​​ក្នុង​បណ្ដាញ​  Internet តែ​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ​ ជា​គំនិត​មួយ​ចំនួន​ដែល​មិន​អាច​ចាត់​ទុក​ថា​​​ល្អ​ប្រសើរ​នោះ​ទេ តែ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​នូវ​ចំនុច​ខ្វះ​ខាត​មួយ​ចំនួន​របស់​មិត្តភក្ដិ​យើង​ដែល​បាន​និង​កំពុង​សរសេរ​កំនត់​ហេតុ ហើយ​ក៏​សំរាប់​ផ្ដល់​ជា​គំនិត​ដល់​អ្នក​ដែល​មាន​បំនង​ចង់​បង្កើត​កំនត់​ហេតុ​បណ្ដាញ​មួយ​ដែរ។ ការ​តំ​រៀប​ទាំង​នេះ​មិន​មាន​តាម​លំដាប់​លំដោយ​ទេ ខ្ញុំ​គ្រាន់​តែ​លើក​យក​​មក​ដោយ​ត្រួសៗ​​ដោយ​មិន​បាន​បែង​ចែក​ប្រភេទ​គោល​គំនិត​អ្វី​ទេ។ ខ្ញុំ​នឹង​ព្យាយាម​តំរៀប​ចំនាត់​ក្រុម​គំនិត​ទាំង​នេះ​នៅ​ថ្ងៃ​ក្រោយ។

  • ជ្រើ​ស​រើស Theme ដែល​សម​ស្រប​សំរាប់​ប្រភេទ​កំនត់​ហេតុ
  • កំនត់​ចំនួន​អត្ថបទ​នៅ​ទំព័រ​ដើមឱយ​តិច​បំផុត
  • សរសេរ Post Summary សំរាប់​ Feed Reader
  • រក្សា​ Sidebar ឱយ​ខ្លី
  • បែក​ចែក​ប្រភេទ​អត្ថបទ ដើម្បី​ងាយ​ស្រួល​ស្វែង​រក​តាម​ការ​ចូល​ចិត្ត​របស់​អ្នក​អាន
  • រៀប​ចំ​ឱយ​បាន​ត្រឹម​ត្រូវ​មុន​ពេល​សរសេរ
  • បន្ថយ​ទំហំ​រូបភាព​ដោយ​រក្សា​នៅ​ត្រឹម​អាច​មើល​យល់​បាន​​ថា​ជា​អ្វី
  • ស្វែង​រក​ឯកសារ​យោង​ដែល​អាច​ទុក​ចិត្ត​បានមិន​មែន​យក​រឿង​ពី​អ្នក​ចំលង​ពី​អ្នក​ចំលង ពី​អ្នក​ចំលង​ពី​អ្នក​ដែល​ចំលង​ពី​​ម្ចាស់​ដើម​នោះ​ទេ។
  • លើក​ទឹក​ចិត្ត​ឱយ​អ្នក​អាន​ផ្ដល់​យោបល់
  • ឆ្លើយ​តប​នឹង​យោបល់​អ្នក​អាន
  • សរសេរ​ពី​អ្វី​ដែល​​អ្នក​ផ្សេង​មិន​ទាន់​បាន​សរសេរ
  • សរសេរ​ពី​អ្វី​ដែល​នៅ​ក្នុង​ប្រធាន​បទ​តែ​មួយ​ មិន​រាយប៉ាយ បើ​អាច​ធ្វើ​បាន
  • ជៀស​វាង​ការ​សរសេរ​ពី នយោបាយ សិច ការ​ប្រកាន់​ពូជសាសន៍ និង​សាសនា លើក​លែង​តែ​អ្នក​ជា​អ្នក​ជំនាញ​ផ្នែក​នោះ
  • ប្រើ​ប្រាស់​ពាក្យ​គន្លឹះ​ឱយ​បាន​ត្រឹម​ត្រូវ​ដើម្បី​បង្ហាញ​ពី​ខ្លឹម​សារ​អត្ថបទ​ទាំង​មូល
  • អាន​កំនត់​ហេតុ​អ្នក​ដទៃ រៀន​ពី​អ្នក​ដទៃ អ្វី​ដែល​គេ​ចូល​ចិត្ត​ អ្វី​ដែល​គេ​មិន​ចូល​ចិត្ត
  • បង្កើត​កំនត់​ហេតុ​ជា​ក្រុម​ដោយ​ផ្ដោត​លើ​ប្រធាន​បទ​ណា​មួយ​ដែល​យើង​បាន​សិក្សា​ច្បាស់​លាស់
  • សរសេរ​យោបល់​លើ​កំនត់​ហេតុ​នរណា​ម្នាក់ (តែ​គួរ​ជៀស​វាង​ការ​ប្រមាថ​លើ​គេ អ្នក​នឹងទទួល​យោបល់​ទាំង​វិជ្ជមាន និង អវិជ្ជមាន​ដំនាល​គ្នា)
  • សរសេរ​ឱយ​បាន​ទៀង​ទាត់
  • កុំ​ហើយ​កុំ​ទៀត កុំចំលង​ពី​គេ (plagiarism)៖ យើង​គួរ​​ធ្វើ​ត្រឹម​ភ្ជាប់​ link ទៅ​អត្ថបទ​ដើម ហើយ​ផ្ដល់​យោបល់​ក្នុង​កំនត់​ហេតុ​យើង​គឺ​គ្រប់​គ្រាន់​ហើយ។

គំនិត​ទាំង​នេះ​មិន​ប្រាកដ​ថា​ត្រឹម​ត្រូវ​សំរាប់​អ្នក​អាន​ទាំង​អស់​នោះ​ទេ។ សូម​ជួយ​បំពេញ​កង្វះ​ខាត​​​បើ​មាន​កំហុស​ត្រង់​ផ្នែក​ណា​មួយ។

គំនិត​ខ្លះៗ​សំរាប់​អ្នក​៖

  • ភាព​ខុស​គ្នា​រវាង WordPress មិន​គិត​ថ្លៃ​និងទំព័រ​ WordPress មាន​ផ្ទាល់​ខ្លួន​ខុស​គ្នា​ដូច​ម្ដេច?
  • Widgets សំខាន់​អ្វី​ខ្លះ​ដែល​គួរ​ដាក់​នៅ​លើ​ Sidebar?
  • Widgets អ្វី​ខ្លះ​ដែល​អាច​ដក​ចេញ​ពី​ Sidebar បាន?
  • បើ​អ្នក​នឹង​សរសេរ​កំនត់​ហេតុ​ជាក្រុម (Team Blogging) តើ​អ្នក​នឹង​សរសេរ​ពី​អ្វី​?
  • ការ​ចំលង​ដូច​ម្ដេច​ដែល​មិន​ខុស​ច្បាប់​កម្មសិទ្ធិ​បញ្ញា?
  • Feed Reader ​ណា​ខ្លះ ដែល​អ្នក​នឹង​ណែនាំ​ឱយ​អ្ន​ក​អាន​ប្រើ​ប្រាស់?
  • តើ​យើង​គួរ​សរសេរ​កំនត់ហេតុ​ញឹក​ញាប់​ប៉ុណ្ណា?
  • គុណសម្បត្តិ និង គុណវិបត្តិ ក្នុង​ការ​អនុញ្ញាតិ​ឱយ​មាន​ការ​ពិភាក្សា​តាម​រយៈ​ Comments?
  • តើ​គួរ​ជ្រើស​រើស​កំនត់​ហេតុ​ប្រភេទ​ណា​ដែល​ល្អ​សំរាប់​អាន?
  • តើ​ការ​ស្គាល់​មិត្តភ័ក្ដិ​តាម​ប្រព័ន្ធ Internet គួរ​ឱយ​ទុក​ចិត្ត​បាន​ឬ​ទេ?
បានចុះផ្សាយក្នុង កំនត់​ហេតុ. Leave a Comment »

យើង​ជា​ខ្មែរ ចុះ​នរណា​មិន​មែន​ខ្មែរ?

នរ​ណា​ក៏​អួត​អាង​ថា​យើង​ជា​ខ្មែរ​នោះ​ដែរ ស្ទើរ​តែ​ក្លាយ​ជា​ពាក្យ​ទន្ទេញ​ចាំ​មាត់​ទៅ​ហើយ គ្រាន់​តែ​និយាយ​មាន​អី​ពិបាក តែ​​អ្នក​និយាយ​នោះ​មាន​អ្វី​ជា​សំអាង? ខ្លាច​តែ​យើង​ថា​មិន​បាន​ដូច​ធ្វើ​តែ​ប៉ុណ្ណោះ។

  • យើង​ជា​ខ្មែរ និង WE ARE KHMER មាន​ន័យ​ដូច​គ្នា តែ​បើ​ដាក់​ខ្លួន​ជា​ខ្មែរ​ហើយ យើង​គ្មាន​មូលហេតុ​អ្វី ដែល​​ទៅ​សរសេរ​ជា​ភាសា​បរទេស​​ឱយ​គេ​មើល​នោះ​ទេ។ ទំលាប់​អាក្រក់​មួយ​ក្នុង​ការ​សរសេរ​ត្រាប់​សំលេង​យើង​គួរ​តែ​ជៀស​វាង (transliteration transcription) ព្រោះ​នេះ​ជា​វិធី​សាមញ្ញ​របស់​មនុស្ស​ដែល​មិន​ចេះ​ភាសា​ច្បាស់​លាស់​នោះ​ទេ។ “KIOM SOM TOS”, “TOV NA” , “ហ៊េបភី”, “បឺសដេយ៍”, … មិន​មែន​ជា​ភាសា​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នោះ ទេ យូរ​ៗ​ទៅ​យើង​មិន​ដឹង​ថា​ពាក្យ​នោះ​ជា​ភាសា​អ្វី​សរសេរ​ក្នុង​អក្សរ​អ្វី​នោះ​ទេ។
  • នៅ​ពេល​មាន​ជំលោះ​ជា​មួយ​ថៃ យើង​ធ្វើ​ពហិការ​ឈប់​ប្រើ​ប្រាស់​របស់​ថៃ ងាក​មក​ប្រើ​របស់​ចិន កូរ៉េ​ ជប៉ុន អាមេរិច​វិញ។ ត្រង់​ហ្នឹង​គ្មាន​អ្វី​ខុស​គ្នា​ទេ។ នៅ​ពេល​ដែល​យើង​ព្រួត​ដៃ​គ្នា​ប្រើ​ប្រាស់​ផលិតផល​បរទេស ផលិត​ផល​ក្នុង​ស្រុក​នឹង​ខ្វះ​ទី​ផ្សារ​ក្នុង​ស្រុក​របស់​ខ្លួន, ក្ស័យ​ធន, ធ្វើ​ឱយ​​បុគ្គលិក​ខ្មែរ​អត់​ការ​ធ្វើ​ដដែល​ជា​ដដែល។ ទំនិញ​បរទេស​ដែល​អាច​ឈាន​ជើង​វាយ​លុក​ចូល​ក្នុង​ទី​ផ្សារ​យើង​បាន​ក៏​ចាប់​ផ្ដើម​ពី​ការ​គាំ​ទ្រ​របស់​​អតិថិជន​ក្នុង​ស្រុក​របស់​គេ​ដែរ។ បើ​យើង​មិន​គាំ​ទ្រ​របស់​យើង តើ​ធ្វើ​ម្ដេច​យើង​ងើប​រួច​ពី​ភាព​ឥត​ការ​ងារ​ធ្វើ​របស់​បង​ប្អូន​រួម​ជាតិ​យើង? គួរ​ឱយ​ស្ដាយ មិត្ត​ភ័ក្ដិ​ទាន់​សម័យ​យើង​មួយ​ចំនួន​មិន​តិច​ទេ​ដែល​ខំ​សន្សំ​ប្រាក់​កាស​ចូល​ហាង​ទិញ​សំពត់​អាវ​ស្បែក​ជើង​ល្អៗ​ម៉ាក​អន្តរជាតិ ហើយ​ដើរ​ហួស​តូប​លក់​អាវ​រោង​ចក្រ​កាត់​ដេរ​នៅ​ភ្នំពេញ។
  • យើង​អាច​មើល​ឃើញ​ច្បាស់​ទាំង​អស់​គ្នា នៅ​ពេល​ដែល​ផលិតកម្ម​​ផលិត​បទ​ចំរៀង និង​ខ្សែ​វីដេអូ ឯកសារ​ទាំង​នោះ​ត្រូវ​បាន​ចែក​ចាយ​យ៉ាង​អនាធិបតេយ្យ​ដោយ​អ្នក​ដែល​សំអាង​ខ្លួន​​ថា​ជា​ខ្មែរ​ពេញៗ​មាត់​នោះ។ ទោះ​បី​ជា​ក្រុម​ហ៊ុន​ទាំង​​នោះ​ គ្មាន​សមត្ថភាព​សរសេរ​ទំនុក​ថ្មី ឬ​ចំលង​ពី​បរទេស ឬ ចំលង​ពីអ្នក​និពន្ធ​ចាស់ៗ ក៏​ដោយ ក៏​ការ​លួច​ចំលង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ​ត្រឹម​ត្រូវ​ពី​ម្ចាស់​កម្ម​សិទ្ធ​បែប​នេះ មិន​ខុស​ពី​ទ្រឹស្ដី​ពាល​ស៊ីពាល​នោះ​ទេ ទី​បំផុត​គឺ​ពាល​ទាំង​អស់​គ្នា​តែ​ប៉ុណ្ណឹង។ យក​ល្អ​យើង​ត្រូវ​ស្វែង​រក​មូលហេតុ​នៃ​កង្វះ​ខាត​របស់​គេ ហើយ​រិះ​គន់​ក្នុង​ន័យ​កែ​លំអរ ទើប​ហៅ​ថា​កូន​មាន​ពូជ។
  • ម្នាក់​ៗ​​មាន​មោទនភាព​ដែល​កើត​មក​ជា​ខ្មែរ​ព្រោះ​ដូន​តា​ខ្មែរ​ពូកែ​ ឈ្លាស​វៃ ធនធាន​ធម្មជាតិ​ក៏​សំបូរ​សប្បាយ​មិន​ខ្វះ​ស៊ី​ចុក។ ​យើង​គួរ​តែ​គិត​ថា​ពួក​គេ​ធ្វើ​បាន​ប៉ុណ្ណឹង​​តាំង​ពីរាប់​សតវត្ស​មក​ហើយ ចុះ​មក​ដល់​សម័យ​យើង​នេះ យើង​ធ្វើ​បាន​អ្វី​ខ្លះ​ហើយ​ឬ​នៅ? ម៉ែ​ឪ​ពូកែ​​មិន​ប្រាកដ​ថា​កូន​ពូកែ​តាម​ពូជ​នោះ​ទេ បើ​មិន​ចេះ​ខំ​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង។ រឿង​អតីតកាល​លែង​ជា​ការ​ពិត​នោះ​ហើយ បើ​យើង​កំពុង​តែ​បំផ្លាញ​ខ្លួន​ ឯង​យ៉ាង​ដូច្នេះ។
  • យើង​ជា​ខ្មែរ ខ្ញុំ​ស្រលាញ់​ជាតិ ខ្ញុំ​ប្ដេជ្ញា បំបាត់​អំពើ​ពុក​រលួយ ខ្ញុំ​ស្នេហា​ជាតិ … គ្រាន់​តែ​ជា​ការ​ឃោសនា​សំរាប់​ប្រយោជន៍​គេ​តេ​ប៉ុណ្ណោះ បើ​អ្នក​ធ្លាប់​ធ្វើ​សង្គ្រាម​ដេក​ព្រៃ ស៊ី​បាយ​ក្រៀម ធ្វើ​អ្នក​បំរើ​នយោបាយ រេរាំ​តាម​គេ​ញាក់ យើង​នឹង​ដឹង​ថា អ្នក​ថា​ចេះ​តែ​ថា អ្នក​ធើ​ចេះ​តែ​ធើ អ្នក​ខូច​ចាំ​តែ​ប្រមូល​ផល។

ជា​ជាង​ការ​អួត​អាង​ថា​​យើង​ជា​ខ្មែរ យើង​គួរ​បង្ហាញ​ថា​យើង​ពូកែ​ដោយ​​​ទង្វើ​របស់​យើង។ សូម​ចាំ​ទុក​ចុះ «យើង​ជា​ខ្មែរ» ដែល​ចុះ​ផ្សាយ​ក្នុង​ទូរទស្សន៍​ វិទ្យុ កាសែត និង «យើង​ជាខ្មែរ» ដោយ​ចេញ​ពី​ចិត្ត​ និង សកម្មភាព​​ផ្ទាល់​ មាន​ន័យ​មិន​ដូច​គ្នា​ទេ។ យើង​គួរ​កាត់​បន្ថយ​និយាយ​ហើយ​ ចាប់​ផ្ដើម​បញ្ចេញ​សកម្មភាព​ឡើង។

គំនិត​ខ្លះៗ៖

  • តើ​សកម្មភាព​ណា​ខ្លះ បញ្ជាក់​ថា​ជាតិ​និយម?
  • តើ​អ្វី​ទៅ​ជា​លេស​នយោបាយ?
  • យើង​មាន​លទ្ធភាព​បង្កើន​ការ​ផលិត​ក្នុង​ស្រុក​ដែរ​ឬ​ទេ?
  • ផលិត​កម្ម, ការ​ចែកចាយ, និង ការ​លក់និង​ផលិតកម្ម មួយ​ណា​អាច​បង្កើត​ការ​ងារ​បាន​ច្រើន​ជាង​គេ?
  • វិស័យ​ណា​ដែល​ជំរុញ​ឱយ​សេដ្ឋកិច្ច​​កម្ពុជា​រី​ក​ចំរើន​ទៅ​ថ្ងៃ​មុខ?
  • ក្រៅ​ពី​ឧស្សាហកម្ម​កាត់​ដេរ តើ​យើង​អាច​បង្កើត​ឧស្សាហកម្ម​អ្វី​បាន​ទៀត​​ដែល​ឆ្លើយ​តប​តំរូវ​ការ​ក្នុង​ស្រុក​​របស់​កម្ពុជា និង អាច​ប្រជែង​ទាំង​តំលៃ​និង​គុណភាព​ជាមួយ​ផលិតផល​នាំ​ចូល​ពី​បរទេស?
  • និស្សិត​អាច​ជួយ​ការ​ងារ​សង្គម​បាន​អ្វី​ខ្លះ?
  • ប្រវត្តិ​សាស្ត្រ​បង្រៀន​មនុស្ស​ឱយ​ចេះ​អ្វី​ខ្លះ?
  • តើ​មាន​វិធី​ណា​ខ្លះ​ដែល​អាច​កែ​លំអ​មនុស្ស​ដែល​ចេះ​តេ​ថា​ តែ​មិន​ចេះ​ធ្វើ​?
  • ខ្មែរ​គួរ​ជួយ​ខ្មែរ​តាម​វិធី​ណា?
  • ការ​រស់​ក្រោម​ជំនួយ​បរទេស ផ្ដល់​វិបាក​អ្វី​ខ្លះ​ដល់​កម្ពុជា?
  • ឧស្សាហកម្ម​អាហារ និង ប្លាស្ទិក​អាច​កើត​មាន​ឡើង​នៅ​កម្ពុជា​បាន​ឬ​ទេ?

ខ្ញុំ​នឹង​ភ្ជាប់​អត្ថបទ​របស់​អ្នក​ដែល​ឆ្លើយ​តប​នឹង​សំនួរ​ទាំង​នេះ បើ​អ្នក​​ពេញ​ចិត្ត​ក្នុង​ការ​បក​ស្រាយ​ឱយ​បាន​ក្បោះ​ក្បាយ។

CAMBOSIX ក្លាយ​ជា​រឿង​ព្រេង​ខ្មែរ​ឆ្នាំ​ ២០០៩

កាល​ពីព្រេង​នាយ​មាន​ដំនាល​ថា….
នៅ​ពេល​មាន​ជំលោះ… គេ​ក៏​ទៅ​ប្ដឹង​ចៅ​ក្រម….
តែ​ចៅ​ក្រម​មិន​អាច​សំរេច​សេចក្ដី​បាន…..
គេ​ក៏​ទៅ​ប្ដឹង​ដល់​មហាក្សត្រ…
ព្រះ​មហាក្សត្រ​ក៏​ដោះ​ស្រាយ​ឱយ​កូនក្ដី​ពេញ​ចិត្ត​គ្រប់ៗ​គ្នា។

ក្នុង​រឿង​ព្រេង​កាល​ពីសម័យ​មុន​ គេ​លើក​សរសើរ​អ្នក​មាន​អំនាច​ឱយ​ប្រសើរ​ដល់​កំពូល​ស្មើ​នឹង​អាទិទេព ឬ ក៏​ហៅ​ថា ស្ដេច​ផែន​ដី ទោះ​បី​អ្នក​នោះ​ស៊ីបាយ​មួយ​ថ្ងៃ​បី​ពេល ឬ ជុះ​អាចម៍​ស្អុយ​ដូច​ជា​មនុស្ស​ធម្មតា​ក៏​ដោយ រហូត​ទាល់​តែ​សប្បាយ​ភ្លេច​ខ្លួន ភ្លេច​រាស្ត្រ​ភ្លេច​ បង​ភ្លេច​ប្អូន ឱយ​តែ​បាន​អញ​ធ្វើ​ធំ នរណា​ស្លាប់​ នរណា​រស់​ក៏​បណ្ដោយ​ទៅ​តាម​ព្រហ្ម​លិខិត​ទៅ​ចុះ។

ក្នុង​ដំនើរ​ការ​គ្រប់​គ្រង​ប្រទេស​ យើង​មាន​ច្បាប់​ទំលាប់​ត្រឹម​ត្រូវ​ក្នុង​ក្រដាស​រួច​ជា​ច្រើន​អស់​ទៅ​ហើយ តែ​ទាស់​ត្រង់​ថា​អ្នក​កាន់​ច្បាប់​ទាំង​នោះ​មិន​ព្រម​គោរព​ច្បាប់។ បើ​យើង​ឃើញ​ថា​ ការ​បើក​ល្បែង​ស៊ីសង​ភ្នាល់បាល់​បែប​នេះ​​បង្ករ​អសន្តិសុខ​ដល់​ប្រទេស​ជាតិ ហេតុ​អ្វី​ចាំ​គេ​បង្ករ​បញ្ហា​ហើយ​ទើប​បង្ក្រាប​ជា​ក្រោយ? តើ​អ្នក​ណា​ជា​អ្នក​អនុញ្ញាតិ​ឱយ​មាន​អាជីវកម្ម​នេះ​កើត​ឡើង?​ ហើយ​អ្នក​ណា​ជា​អ្នក​សំរេច​ថា​អាជីវកម្ម​ប្រភេទ​នេះ​ជះ​ផល​អាក្រក់ និង ល្អ​ប៉ុណ្ណា ដល់​ប្រជាជន​ខ្មែរ។ បើ​គេ​មិន​បាន​អនុញ្ញាតិ​ពី​ដំបូង​នោះ​គឺ​ចប់​បាត់​ទៅ​ហើយ។

នៅពេល​ដែល​ មុខ​របរ​នេះ​កាក់​កប ចោរកម្ម​បាន​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់។ នៅ​ពេល​បិទ​អាជីវកម្ម​យ៉ាង​ទាន់​ហន់​តែ​ក្នុង​មួយ​យប់​បែប​នេះ បុគ្គលិក​ជា​ច្រើន​ត្រូវ​អត់​ការ​ធ្វើ អ្នក​ចង់​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​ក៏​មាន​ការ​រារែក​​ដាក់​ទុន​ក្នុង​ប្រទេស​ដែល​សំរេច​ចិត្ត​ងាយ​បែប​នេះ​ដែរ។ ការ​លុប​បំបាត់​​អសន្តិសុខ​ដោយ​ការ​បិទ​អាជីវកម្ម​ល្បែង​ស៊ីសង​ទាំង​ស្រុង​នេះ ពិត​ជា​ត្រឹម​ត្រូវ តែ​គួរ​ឱយ​ស្ដាយ មិត្ត​ភ័ក្តិ​ និស្សិត​ មិន​តិច​ទេ​ដែល​​រក​បាន​ការ​ងារ​ក្រៅម៉ោង​ចិញ្ចឹម​ក្រពះ​ដោយ​សារ​តែ​ក្រុម​ហ៊ុន​នេះ​ដែរ។

សំរាប់​ពេល​ក្រោយ​ យើង​គ្រាន់​តែ​ចង់​បាន​ដំនោះ​ស្រាយ​ណាមួយ​ដែល​សម​ស្រប​មិន​ក្រឡាប់​ចាក់ ១៨១​ដឺ​ក្រេ បែប​នេះ​ទេ នៅ​ពេល​ដែល​រដ្ឋាភិបាល​បិទ​អាជីវកម្ម​មួយ គេ​គួរ​តែ​​រក​ការ​ងារ​ណា​មួយ​ផ្សេង​ទៀត​ឱយ​ពួក​គេ ទើប​មិន​មាន​ប្រតិកម្ម​​ពី​មហាជន។ ឧទាហរណ៍​ជាក់​ស្ដែង ការ​បិទអាជីវកម្ម​រក​ស៊ី​ផ្លូវ​ភេទ បើក​ខារ៉ាអូខេ និង រោង​ចក្រ​កាត់​ដេរ, បិទ​ទ្វារ​ព្រំដែន រួច​បង្កើត​ផលិតផល​ក្នុង​ស្រុក, ដូច្នោះ​ទើប​យើង​មាន​តុល្យភាព។ ស្រប​នឹង​ពេល​ពិភព​លោក​កំពុង​មាន​វិបត្តិ​ហិរញ្ញវត្ថុ​បែប​នេះ​ផង តើ​ឱយ​បុគ្គលិក​ CamboSix និង កាស៊ីណូ ទៅ​រក​ការ​ងារ​បាន​នៅ​ឯណា​ទៅ?

ដោយ​សារ​រដ្ឋាភិបាល​កម្ពុជា​មាន​រចនាសំព័ន្ធ​ត្រឹម​ត្រូវ ក្រសួង​មន្ទី​រ​នីមួយ គួរ​​ដឹង​ហើយ​ថា​ខ្លួន​មាន​នាទី​អ្វី​ខ្លះ​ គួរ​ធ្វើ​អ្វី​ខ្លះ បើ​ការ​ងារ​ណា​ដែល​ធំដុំ​​​ទើប​​គួរ​ចាត់​ចែង​​ស្នើ​យោបល់​ពី​សភា​ឬ​នាយក​រដ្ឋ​មន្ត្រី​ទៀត។ បើ​ត្រឹម​តែ​បិទ​កន្លែង​ប្រជល់​មាន់ ផាក​ពិន័យ​ចរាចរ​ បុគ្គលិក​មន្ទីរ​នៅ​ចាំ​តែ​នាយក​រដ្ឋ​មន្ត្រី​ជួយ​ប្រកាស​ដែរ​ នោះ​មិន​បាន​ន័យ​ថា​នាយក​រដ្ឋ​មន្ត្រី​កំពុង​តែ​ជ្រៀត​ជ្រែក​ការ​ងារ​ខ្លួន​ហើយ​ឬ? ឬ​ក៏​​បុគ្គលិក​ក្រសួង​មន្ទីរ​​សព្វ​ថ្ងៃ​មិន​មាន​ការងារ​អ្វី​ធ្វើ​ក្រៅ​ពី​ប្រថាប់​ត្រា និង​ អាន​កាសែត​ពត៌មាន​ពេល​ព្រឹក? កាក​អំពៅ​​​​គ្រាន់​តែ​ដឹង​ថា​ការ​គ្រប់​គ្រង​បែប​វិមជ្ឈការ (décentralisation?) មិន​ចាំ​បាច់​រង់​ចាំ​ការ​សំរេច​ចិត្ត​ពី​ថ្នាក់​លើ​ទេ​ចំពោះ​ការ​ងារ​ណា​ដែល​នៅ​ក្នុង​បន្ទុក​របស់​ខ្លួន តែ​មន្ត្រី​នោះ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សំរេច​ចិត្ត​របស់​ខ្លួន។

(ខ្ញុំ​គិត​ពីមុន​ថា​ត្រូវ​ជៀស​ឱយ​ឆ្ងាយ​ពី​នយោបាយ​ឱយ​បាន​ តែ​នយោបាយ​ចេះ​តែ​សរសៀរ​មក​ជិត តែ​ប្រហែល​ជា​អ្នក​អាន​មិន​យល់​ច្រលំ​ថា​ខ្ញុំ​ជា​មនុស្ស​ឆ្វេង​និយម​ជ្រុល​​ទេ ដោយ​សារ​តែ​ខ្ញុំក៏​បាន​លើក​គំនិត​​កែ​លំអ​ស្ថាន​ភាព​បច្ចុប្បន្ន​មួយ​ជំនួន​ដែរ។)

បានចុះផ្សាយក្នុង នយោបាយ, សង្គម​កិច្ច. Leave a Comment »

ទូរស័ព្ទ​ចល័ត​សំរាប់​​កម្ពុជា

សព្វ​ថ្ងៃ​​ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្ម​ទូរស័ព្ទ​កំពុង​រីក​ដុះ​ដាល​យ៉ាង​សំបើម ខុស​គ្នា​កាល​ពី​ដប់​ឆ្នាំ​មុន​ដែល​ពេល​និយាយ​ម្ដងៗ​ត្រូវ​រវៃ​ទូរស័ព្ទ​លើ​តុ ឬ ក៏​​យក​ទូរស័ព្ទ​ប៉ុន​ដុំ​អិដ្ឋ​មក​ផ្ទប់​នឹង​ត្រចៀក។ អ្នក​មាន​ទូរស័ព្ទ​សម័យ​នោះ​គួរ​ឱយ​អស្ចារ្យ​ណាស់ លុះ​មក​ដល់​សម័យ​នេះ​សូម្បី​សិស្ស​វិទ្យាល័យ​ក៏​មាន​ទូរស័ព្ទ​ប្រើ​ផ្ទាល់​ខ្លួន​បាត់​ទៅ​ហើយ​ ស៊ីម​ក៏​ថោក​ទៀត​ ប្រើ​ហើយ​កាច់​ចោល​ក៏​បាន។
ខ្ញុំ​មិន​មាន​សមត្ថភាព​សាក​ល្បង​គ្រប់​ប្រព័ន្ធ​នោះ​ទេ តែខាង​ក្រោម​នេះ​ជា​មូលហេតុ​​​ខ្លះៗ​សំរាប់​ជា​ជំរើស​​របស់​អតិថិជន៖

  • តំលៃ៖ អ្នក​ប្រើ​ប្រាស់​ចង់​បាន​ប្រព័ន្ធ​ណា​ដែល​គិត​ថ្លៃ​ទាប ទាំង​ការ​ហៅ​ចេញ​ក្នុង​ប្រទេស និង ក្រៅ​ប្រទេស ទាំង​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ ទាំង​ការ​ផ្ញើ​សារ
  • ទំហំ​បណ្ដាញ៖ ការ​លាត​សន្ធឹង​បណ្ដាញ​ទូទាំង​ប្រទេស ទោ​តាម​ខេត្ត ទី​ដាច់​ស្រយាល និង​ការ​ភ្ជាប់​ប្រព័ន្ធ 24/7 មិន​រអាក់​រអួល
  • សេវាកម្ម៖ ជំនួយ​​ប្រចាំ​ការ​សំរាប់​រង់​ចាំ​ដោះស្រាយ​ចំងល់​អតិថិជន​ទាំង​តាម​ការ​ហៅ​ទូរស័ព្ទ ទាំង​នៅ​នឹង​កន្លែង​ផ្ទាល់ សេវាកម្ម​បន្ទាប់​បន្សំ​​ដូច​ជា ringtone, wallpaper, internet, funclub,… ក៏​​ជា​កត្តា​​សំខាន់​ក្នុង​ការ​ជ្រើស​រើស​ដែរ
  • បរិមាណ​អ្នក​ប្រើ​ប្រាស់៖ ឧបស័គ្គ​ចំបង​ដែល​យើង​មិន​ចង់​ប្ដូរ​ប្រព័ន្ធ​ទូរស័ព្ទ​គឺ​​ធុញ​ទ្រាន់​នឹង​ហៅ​ប្រាប់​មិត្ត​ភ័ក្ដិ​ គ្រួសារ​ថា​យើង​ប្ដូរ​លេខ​ទូរស័ព្ទ និង គេ​មិន​មាន​ប្រើ​ប្រព័ន្ធ​ដែល​យើង​​ប្រើ​ថ្មី។ ឧទាហរណ៍​ជាក់​ស្ដែង​ខ្ញុំ​​, បង​ប្អូន, ពុក​ម៉ែ សុទ្ធ​តែ​ប្រើ 012 ដូច្នោះ​ការ​ទំនាក់​ទំនង​គ្នា​ក្នុង​ប្រព័ន្ធ​ជា​ការ​ងាយ​ស្រួល​ជាង​ឆ្លង​ប្រព័ន្ធ បើ​យើង​ប្ដូរ​ទៅ​ប្រព័ន្ធ​ថ្មី​ទាំង​អស់​គ្នា​ តើ​ត្រូវ​ចំនាយ​ពេល​ប៉ុន្មាន​សំរាប់​ប្រាប់​មិត្ត​ភ័ក្តិ មិត្ត​រួម​ការងារ ឬ អតិថិជន​អស់​ថា​យើង​ប្ដូរ​លេខ។ តែ​បើ​ 012 នៅ​តែ​ថ្លៃ​បែប​នេះ​ទៀត​យើង​ល្មម​ដល់​ពេល​គិត​គូរ​ប្ដូរ​មក​ប្រើ​ប្រព័ន្ធ​ផ្សេង​ហើយ

ដោយ​ឡែក​ ក្រុម​ហ៊ុន​ទូរស័ព្ទ​បច្ចុប្បន្ន​មាន ៨ ប្រើ​លេខ​ ៦​ខ្ទង់​ មាន ១៣​ក្បាល និង​លេខ ៧​ខ្ទង់ (097) ១​ទៀត អាច​បំរើ​តំរូវ​ការ​បាន​ ១៣លាន + ១០​លាន = ២៣ លាន លេខ។ នេះ​គឺ​លើស​ពី​ចំនួន​ប្រជាជន​ខ្មែរ​ទាំង​អស់​ទៅ​ទៀត ដូច្នោះ​ហើយ​ទើប​មាន​អ្នក​ខ្លះ​កាន់​ទូរស័ព្ទ​ពីរ​ បី តែ​ឯង ខ្លះ​ទៀត​កាន់​ទូរស័ព្ទ​តែ​មួយ តែ​មាន​ស៊ីម​ដល់​ទៅ​ដប់ មិន​គិត​ទាំង​ស៊ីម​ដែល​កាច់​ចោល​ហើយ​ខ្លះ​ផង។
ក្រុម​ហ៊ុន​ទូរស័ព្ទ​ទាំង​នេះ​សុទ្ធ​តែ​មាន​គេហទំព័រ​ផ្ទាល់​ខ្លួន​តែ​មិន​សូវ​ជា​មាន​សកម្មភាព​ប៉ុន្មាន​ទេ​ ដោយ​សារ​ប្រជាជន​មិន​សូវ​ជា​មាន​​លទ្ធភាព​ប្រើ​ប្រាស់​បណ្ដាញ​ Internet ជា​ទូទៅ។

ក្រុម​ហ៊ុន លេខ​ប្រព័ន្ធ
Cellcard
Excell
Hello
Metfone
Mfone
qb
Smart
Starcell
012, 017, 087, 092
018
015, 016
097
011, 085, 099
013
010, 093
098

គំនិត​គួរ​ពិចារណា៖

  • ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ផ្ដល់​វិបាក​អ្វី​ខ្លះ?
  • ទូរស័ព្ទ​​អ្វី​ដែល​ពេញ​និយម​ជាង​គេ? ដោយ​សារ​អ្វី?
  • ទូរស័ព្ទ​ដំនើរ​ការ​យ៉ាង​ដូច​ម្ដេច?
  • តើ​នៅ​ពេល​ណា​មួយ​ ក្រុម​ហ៊ុន​ពីរ​ឬ​ច្រើន​អាច​រួម​បញ្ចូល​គ្នា​តែ​មួយ​បាន​ដែរ​ឬ​ទេ?
  • ប្រវត្តិ​ក្រុម​ហ៊ុន​ទូរស័ព្ទ​នៅ​កម្ពុជា។
  • តើ​ក្រុម​ហ៊ុន​ទូរស័ព្ទ​នៅ​កម្ពុជា​ផ្ដល់​ការ​ងារ​ឱយ​ប្រជាជន​ខ្មែរ​បាន​ប៉ុន្មាន?
  • បុគ្គលិក​ក្រុម​ហ៊ុន​ទូរស័ព្ទ​​ត្រូវ​មាន​ជំនាញ​អ្វី​ខ្លះ?
  • លេខ​ទូរ​ស័ព្ទ​សំខាន់ៗ​ដែល​គួរ​មាន​ជាប់​នឹង​ខ្លួន​មាន​អ្វី ខ្លះ?
បានចុះផ្សាយក្នុង សេដ្ឋកិច្ច. Leave a Comment »